Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវក្រាលកៅស៊ូ ជួរមាត់ទន្លេផ្សារក្រោម ខេត្តកំពង់ឆ្នាំង រងការប្រេះរហែកជាង២០ម៉ែត្រ ដោយសារការវាយកម្ទេចអគារទ្រុឌទ្រោមក្បែរនោះ

15-03-2022 14:37

(កំពង់ឆ្នាំង)៖ ផ្លូវក្រាលកៅស៊ូប្រវែងប្រមាណជាង២០ម៉ែត្រ នៅមុខសំណង់ផ្ទះថ្មទ្រុឌទ្រោម ១៣ល្វែង ដែលបានវាយចោល ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កំពុងប្រេះហែកដែលអាចនឹងស្រុតបាក់។ ករណីនេះ បង្កឡើងដោយក្រុមហ៊ុនមួយជាអ្នកម៉ៅការ វាយផ្ទះទ្រុឌទ្រោមខាងលើ ខណៈរឿងនេះអាជ្ញាធរក្រុងកំពង់ឆ្នាំងថា ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូនេះឡើងវិញ។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិន សាវ៉េន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បាននិយាយឲ្យដឹងថា ករណីធ្វើឲ្យផ្លូវកៅស៊ូក្នុងក្រុងកំពង់ឆ្នាំងចំណុចផ្ទះ ១៣ល្វែងខាងលើនេះ ប្រេះខូចខាត គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលជាអ្នកស៉ីឈ្នួលវាយផ្ទះ ១៣ល្វែងនេះចោល។

«ព្រោះថា មុនម៉ៅការវាយផ្ទះទ្រុឌទ្រោមទាំង ១៣ល្វែងនេះចោល គឺខាងក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរក្រុង និងខេត្តថា បើការងារខាងលើនេះធ្វើឱ្យស្រុតផ្ទះប្រជាពលរដ្ឋនៅជិតខាង ឬបាក់ស្រុតផ្លូវកៅស៊ូរបស់ខេត្តនោះក្រុមហ៊ុនជាអ្នករ៉ាប់រងទទួលខុសត្រូវ»។ លោកអភិបាលក្រុងកំពង់ឆ្នាំង បានបន្ថែម។

លោកបានបញ្ជាក់ដែរថា ករណីប្រេះហែកផ្លូវកៅស៊ូនៅចំណុចក្បែរផ្ទះ ១៣នេះ កាលពីថ្ងៃទី១៣ ខែមីនា លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានចុះទៅត្រួតពិនិត្យម្ដងរួចហើយ និងនៅព្រឹកថ្ងៃទី១៤ ខែមីនា លោក សាន់ យូ អភិបាលរងខេត្ត និងលោក ហ៉ីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំង ក៏បានចុះទៅត្រួតពិនិត្យម្ដងទៀតដើម្បីវាយតម្លៃ និងរាយការណ៍ជូនលោកអភិបាលខេត្ត សុំគោលការណ៍ផងដែរ។

តាមការពិនិត្យជាក់ស្ដែង នៅក្នុងការដ្ឋានខាងលើនេះ គឺក្រុមហ៊ុនទទួលម៉ៅការវាយកម្ទេចផ្ទះថ្មទ្រុឌទ្រោម បានជីកគាស់កកាយគ្រឹះផ្ទះចាស់នេះ មានជម្រៅប្រមាណពី ៣ទៅ៤ម៉ែត្រ។ ដោយឡែក កាលពីអាទិត្យមុនមានភ្លៀងមួយមេធំបានធ្លាក់ចុះមកយ៉ាងខ្លាំង បង្កឱ្យផ្លូវកៅស៊ូនៅចំណុចនេះប្រេះរហែកតែម្តង ដែលអាចនឹងរលុះបាក់ស្រុត។

ជាមួយគ្នានេះដែរ ពេលកើតឡើងនូវហេតុការណ៍នេះអាជ្ញាធរ និងសមត្ថកិច្ចក៏បានដាក់បង្គោលចងខ្សែការពារ មិនឲ្យរថយន្តដឹកធ្ងន់បើកឆ្លងកាត់តំបន់ហានិភ័យនេះទេ និងបានសំណូមពរដល់ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ មានការប្រុងប្រយ័ត្ន។ មកដល់រសៀលថ្ងៃទី១៥ ខែមីនានេះ គេមិនទាន់ទទួលបានព័ត៌មាន ពីអាជ្ញាធរក្រុងនិងខេត្ត តើមានការសម្រេចយ៉ាងណា ចំពោះផ្លូវដែលរងការប្រះរហែកខាងលើនេះនៅឡើយនោះទេ៕