(ភ្នំពេញ)៖ សមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ ដោយលើកឡើងថា ខ្លឹមសារ នៃសេចក្តីថ្លែងការណ៍របស់អង្គការ សមាគមចំនួន២៧ និងសេចក្តីថ្លែងការណ៍ របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ គឺមិនបាន បកស្រាយលក្ខណៈផ្លូវច្បាប់ មានលក្ខណៈលម្អៀង ក្រោមចេតនាការពារជនប្រព្រឹត្តបទល្មើស។
សេចក្តីថ្លែងការណ៍របស់សមាគមយុវជនកំណែទម្រង់រដ្ឋ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមយុវជនកំណែទម្រង់រដ្ឋយល់ឃើញថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់អង្គការ សមាគម ចំនួន២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្តីពី សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធិមនុស្ស និង សេចក្តីថ្លែងការណ៍របស់ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ មិនបានបកស្រាយលក្ខណៈផ្លូវច្បាប់ មានលក្ខណៈលម្អៀង ក្រោមចេតនា ការពារជនប្រព្រឹត្ត បទល្មើស ខណៈពេលដែលតុលាការមានសាក្សី និងភស្តុតាងដាក់បន្ទុក»។
សមាគមយុវជនកំណែទម្រង់រដ្ឋ បានអំពាវនាវអ្នកនយោបាយ អ្នកវិភាគឯករាជ្យ អង្គការ សមាគមទាំង២៧ ខាងលើមេត្តាពិនិត្យ និងពិចារណា ឡើងវិញនូវនីតិវិធីច្បាប់ ក៏ដូចជា ច្បាប់នានាដែលពាក់ព័ន្ធ ព្រោះថា ការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច មិនមែនជាការយាយី ឫការគំរាម គំហែងដល់បុគ្គល រឺស្ថាប័នណាមួយនោះទេ ផ្ទុយទៅវិញ អ្នកនយោបាយ អ្នកវិភាគឯករាជ្យនិងអង្គការ សមាគមទាំង២៧ ខាងលើ គប្បីស្វែងរកគន្លឹះ ផ្លូវច្បាប់ ភស្តុតាង និងសាក្សីដោះបន្ទុកតតាំងផ្នែកច្បាប់ ជាជាងការតវ៉ាដល់គ្មានមូលដ្ឋានច្បាប់៕