(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដីបានជំរុញដល់មន្រ្ដីជំនាញ និងអង្គភាពពាក់ព័ន្ធ ឲ្យធ្វើការកែលំអរឡើងវិញ រាល់ចំណុចខ្វះខាត នៅអាកាសយានដ្ឋានអន្ដរជាតិទាំង៣ទីតាំងរបស់កម្ពុជា ឲ្យបានឆាប់បំផុត មុនពេលដែលអង្គការអាកាសចរណ៍អន្ដជាតិ មកធ្វើ សវនកម្ម ក្នុងអំឡុង ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយ ប្រធានអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ និងជាប្រធាន សន្ដិសុខ អាកាសយានដ្ឋានកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បន្តថា ការកែលំអរឡើងវិញ រាល់ចំណុចខ្វះខាត នៅអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ទីតាំងរបស់កម្ពុជា ក៏ដើម្បីជាឆ្លើយទៅនឹងតម្រូវការចាំបាច់ នៃការកើនឡើង នូវចំនួនអ្នក ដំណើរជាតិ និងអន្ដរជាតិ ។ ដូច្នេះកម្ពុជា ត្រូវការបង្កើននិងពង្រឹង លើសកម្មភាពការងារ ហោះហើរពង្រឹង ការផ្នែកសុវត្តិភាព សន្ដិសុខ សណ្ដាប់ធ្លាប់បន្ថែមទៀត ពិសេសក្នុងការឆ្លើយតបទៅនឹងសន្ធិសញ្ញា ឈីកាហ្គោឆ្នាំ១៩៤៤ ដោយផ្តោតសំខាន់លើកាងារសន្ដិសុខ ការគ្រប់គ្រងអាកាសចរណ៍ស៊ីវិល និងការគ្រប់គ្រងអាកាសយានដ្ឋានអន្ដរជាតិ នៅតាមបណ្ដាប្រទេសនីមួយៗ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានអញ្ជើញអ្នកជំនាញបច្ចេកទេសផ្នែកសន្ដិសុខ សុវត្តិភាព អាកាសយានដ្ឋានអន្ដរជាតិអូស្រ្ដាលីមួយក្រុម ដឹកនាំដោយ លោក HONDO GRATTON ដើម្បីមកពិនិត្យវាយតម្លៃ ជាក់ស្ដែងរាល់ចំណុចខ្វះខាត របស់អាកាសយានដ្ឋានអន្ដរជាតិ ទាំង៣ទីតាំងរបស់កម្ពុជា ។
លោកប្រធានអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបានឲ្យដឹងទៀតថា «បន្ទាប់ពីគណប្រតិភូ ជំនាញបច្ចេកទេស អាកាសចរស៊ីវិលអូស្រ្ដាលី បានចុះទៅពិនិត្យ បច្ចេកទេសតាមបណ្ដាចំណត អាកាសយានដ្ឋាន ទាំង៣ទីតាំងឃើញថា នៅមានចំនុចកង្វះខាតតិចតួចដូចជា បញ្ហារបងសន្ដិសុខ ជញ្ជាំងកញ្ចក់ និងរបាំងការពារកញ្ចក់ បញ្ហារសន្ដិសុខ និងសុវត្តិភាពអាកាសយានដ្ឋាន គឺជាកក្កតាដ៍សំខាន់ ដែលបណ្ដាប្រទេស ជាសមាជិក នៃអង្គការអាកាសចរណ៍អន្ដរជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សា បាននូវសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្តិភាព និងបញ្ជៀសបានរាល់ហានីភ័យ ដែលកើតឡើង ដោយប្រការផ្សេងៗ»៕