(ក្រចេះ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតក្នុង ឃុំកន្ទួត និងឃុំថ្មី ស្រុកចិត្របុរី មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ពានទ្រុឌទ្រោម២កន្លែង គឺស្ពានអូរតាពូន និងស្ពានខ្នាច ដែលរងកាខូចខាត ពួកគាត់បារម្ភថារដូវវស្សាខាងមុខនេះពិតជាលំបាកក្នុងការធ្វើដំណើរ ហើយស្ពានទាំង២នេះ ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋធ្វើចរាចរណ៍ដោយរថយន្ដ គោយន្ដ និងមធ្យោបាយផ្សេងៗ ត្រូវបើកផ្លូវវាងតាមអូរ តែផ្លូវវាងនោះបើកបានតែរដូវប្រាំងប៉ុណ្ណោះ ហើយរដូវវស្សាជិតឈានមកដល់ហើយ អាជ្ញាធរហាក់បីដូចជាមិនទាន់មានវិធានការ ឬជួសជុសចំពោះស្ពានទាំងនោះនៅឡើយហេតុដូច្នេះទើបពួកគាត់មានការព្រួយបារម្មណ៍។
ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ឱ្យជួយរកដំណោះស្រាយ ឬមានវិធានការយ៉ាងណា ជួសជុសស្ពានទាំង២នេះ ហើយពួកគាត់សង្ឃឹមជឿជាក់ថា អាជ្ញាធរពិតជាមានលទ្ធភាពក្នុងការរកដំណោះស្រាយទាំងនេះ។
អភិបាលស្រុកចិត្របុរី លោក ហង្ស ចាន់ឌី បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះថា លោកបានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយ ថ្នាក់ខេត្តបានឲ្យមន្ទីរជំនាញសិក្សាថា បើសាងសង់ថ្មីត្រូវចំណាយថវិការអស់៦០លានរៀល។
លោកបានបន្ដថា ស្ពាននេះគ្រឹះនៅរឹងមាំ ដូចនេះហើយយើងត្រូវជួសជុលប្រើបានគ្រាន់តែ ក្រាលក្ដារប្រើប្រាស់វិញបានហើយ ចំនែកថវិការត្រូវចំណាយអស់តែ៦លានរៀលប៉ុណ្ណោះ។ ជាចុងក្រោយលោកអភិបាលក៏បានបញ្ជាក់ប្រាប់ ប្រជាពលរដ្ឋវិញថា កុំឱ្យមានការព្រួយបារម្មណ៍ទៀតអី ព្រោះអាជ្ញាធរកំពុងតែមានចំណាត់ការលើបញ្ហានេះហើយ៕