(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី០៤ ខែឧសភានេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាត់មន្រ្តីទទួលបន្ទុកកិច្ចការកុងស៊ុល ឲ្យធ្វើដំណើរទៅកាន់ កោះ Pontianak ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យ អំពីស្ថានភាពរបស់ពលករខ្មែរចំនួន ៥៤នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី រក្សាទុកនៅទីនោះ ហើយនិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំងនោះមកកម្ពុជាវិញអោយបានឆាប់រហ័ស។
តាមរបាយការណ៍ដែលក្រសួងការបរទេស ទទួលបានពីស្ថានទូតបានឲ្យដឹងថា៖
ពលករខ្មែរទាំង ៥៤នាក់នោះ ត្រូវបានចាញ់បោកគេឲ្យទៅធ្វើការលើទូកនេសាទថៃ ចំនួន០៣ផ្សេងគ្នា ដោយសន្យាថា នឹងទទួលបានប្រាក់បៀវត្សច្រើន ហើយទទួលបានប្រាក់បន្ថែម (Bonus) ផងដែរ ក្នុងករណីទូកចាប់បានត្រីច្រើន។ នៅលើទូកពួកគេធ្វើការស្ទើរគ្មានពេល សំរាក និងក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។
ពលករទាំង៥៤នាក់នេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីជួយសង្គ្រោះចេញពីទូកនេសាទចំនួន៣ ដែលបានចូលទៅធ្វើការនេសាទខុសច្បាប់ ក្នុងដែនទឹកឥណ្ឌូណេស៊ី ហើយត្រូវបានឥណ្ឌូណេស៊ី ឃាត់ទុកក្នុងរវាងពាក់កណ្ដាលខែមេសាកន្លងមកនេះ។
ឥណ្ឌូណេស៊ី ចាត់ទុកពលករទាំងអស់ជាជនរងគ្រោះដោយការជួញដូរមនុស្ស ពុំមែនជាអ្នកប្រព្រឹត្តិបទល្មើសឡើយ។
មន្រ្តីស្ថានទូត បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលករទាំង៥៤នាក់ ហើយ ពិនិត្យឃើញថា មានសុខភាព និងស្ថានភាពជាធម្មតា ពុំមានបញ្ហាអ្វីគួរព្រួយបារម្ភឡើយ ហើយបានជំរាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំមាតុភូមិនិវត្តន៍ ឲ្យបានឆាប់រហ័សក្នុងពេលខាងមុខនេះ។
ស្ថានទូតកំពុងជំរុញការសំរបសំរួលជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្ត- ប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង៥៤នាក់នេះ៕