(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងការសោកស្តាយ ជាមួយបងប្អូនរងគ្រោះដោយសារភ្លៀង និងខ្យល់កន្រ្តាក់កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យដួលរលំ ខូចខាតផ្ទះសម្បែង ជាច្រើនខ្នង ហើយមានពលរដ្ឋមួយចំនួនទៀត រងគ្រោះថ្នាក់ដល់ជីវិត ដោយសាររន្ទះ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page របស់ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមសោកស្តាយ ជាមួយបងប្អូនរងគ្រោះដោយសារភ្លៀង និងខ្យល់កន្រ្តាក់កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យដួល រលំខូចខាតផ្ទះសម្បែងជាច្រើនខ្នងហើយ មានពលរដ្ឋមួយចំនួនទៀត រងគ្រោះថ្នាក់ ដល់ជីវិតដោយសាររន្ទះ។ ​ឥទ្ឋិពលខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ បានធ្វើឲ្យសាលារៀនមួយចំនួន ខូចខាតជាច្រើនខ្នងទៀតផង។

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ជាពិសេសនៅពេលភ្លៀងចាប់ផ្តើមធ្លាក់លាយឡំដោយខ្យល់ព្យុះ និងខ្យល់កន្រ្តាក់។ បងប្អូនត្រូវ តាមដានព័ត៌មានជាប្រចាំ ព្រោះបញ្ហាប្រឈមគឺស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ។ ទន្ទឹមនឹងនេះ សូមអាជ្ញារធរមានសមត្ថកិច្ច និងកាកបាទក្រហម យកចិត្តទុកដាក់ជួយបងប្អូន ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកទទួលទាន រួមទាំងការជីកនិងស្តារអណ្តូងទឹក ស្រះ ប្រឡាយ និងសង់ជម្រកស្នាក់នៅ ជូនប្រជាពលរដ្ឋអោយបានទាន់ពេល»

សម្តេច ហ៊ុន សែន បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញសង្គម Facebook ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយជូនបងប្អូន ប្រជាពលរដ្ឋឲ្យបានដឹងគ្រប់ៗគ្នា។ បើត្រូវការជំនួយសង្រោ្គះបន្ទាន់ណាមួយ សូមទាក់ទងកាកបាទក្រហមកម្ពុជាប្រចាំខេត្តនីមួយៗ ក្នុងពេលឥឡូវនេះ។

ចុងក្រោយ សម្តេចបានបញ្ជាក់ថា «ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណ និងជូនពរបងប្អូនជនរួមជាតិ និងសប្បុរជនទាំងអស់ ជួបតែសំណាងល្អ កុំបីឃ្លៀងឃ្លាតឡើយ»