(អវកាស)៖ SpaceX ដែលកំពុងមានឥទ្ធិពលផ្នែកការរុករកទីអវកាសដ៏ជំនាញ ក្រោមការដឹកនាំ របស់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាអវកាសមួយរូបគឺលោក Elon Musk នោះបានបង្ហាញមហិច្ឆតា ដ៏ធំបំផុតរបស់ខ្លួនថា នៅមុខឆ្នាំ ២០៣០ ក្រុមហ៊ុននេះនឹងនាំមនុស្សទៅជាន់ដី ភពអង្គារឲ្យបាន ដោយវាប្រៀបដីដូចជាចង់ បង្ហាញពីគោលដៅរហ័សជាង NASA តែម្តង។ នេះបើតាមការ ចេញផ្សាយដោយ Discovery.com នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

ប៉ុន្មានឆ្នាំមុខនេះ អង្គការ NASA បានប្តូរគំរោងរបស់ខ្លួនពី ការគ្រោងនាំមនុស្សទៅកាន់ភពអង្គារ នៅឆ្នាំ២០២០ អូសបន្លាយទៅពាក់កណ្តាលទសវត្សរ៍ ២០៣០វិញដោយសារតែខ្លួននៅជួបប្រទះបញ្ហា បច្ចេកទេស និង ហិរញ្ញវត្ថុជាចម្បង។ ដោយហេតុនេះ SpaceX ដែលមានបទពិសោធន៍ខ្ពស់ក្នុង ការគ្រប់គ្រងយានដឹកទំនិញទៅកាន់ស្ថានីយ៍អវកាស ជាច្រើនឆ្នាំមកនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាង សម្បើម ទៅជាភ្នាក់ងារអវកាសមួយ ដែលអាចនឹងផលិតយាន ដឹកមនុស្សទៅកាន់ភពអង្គារបាន។

ងាកមកមើលអង្គការ NASA វិញគឺត្រូវប្រើប្រាស់ថវិកា ៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅហើយ សម្រាប់ការសិក្សាគំរោងនាំមនុស្សទៅភពអង្គារ នៅទសវត្សរ៍ ២០៣០នោះ ដោយវាមាន តំណាក់កាលសាកល្បងសំខាន់ៗដូចជា ការបង្ហោះដោយប្រើប្រាស់យានគំរូនាំមនុស្សទៅកាន់ ស្ថានីយ៍អវកាសនៅឆ្នាំ ២០១៨ និង ការសាកល្បងតំណាក់កាលមួយទៀត គឺការបាញ់បង្ហោះ យានដឹកនាំមនុស្ស ទៅហោះព័ទ្ធជុំវិញឋានព្រះច័ន្ទ ជាការសាកល្បង មុននឹងទៅភពអង្គារ នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។

គួរបញ្ជាក់ថា ភពអង្គារមានចម្ងាយជាង ២៤០លានគីឡូម៉ែត្រពីភពផែនដី ហើយនៅទីនោះមាន បរិយាកាសស្តើង ដែលពិតជាមិនអាចឲ្យមនុស្សរស់នៅបានដោយគ្មាន បច្ចេកវិទ្យាទំនើបបំផុត មកការពារនោះទេ។ ម្យ៉ាងវិញទៀត ការស្នាក់នៅលើយានជាងពីរឆ្នាំ ដើម្បីធ្វើដំណើរឥតឈប់ឈរ ទៅកាន់ភពអង្គារនោះ អាចនឹងនាំឲ្យអ្នកធ្វើដំណើរទាំងអស់ជួបបញ្ហាធំផ្នែកសុខភាព និង សតិអារម្មណ៍ ដូច្នេះទើបអង្គការ NASA ត្រូវការពេលសិក្សាឲ្យបានលម្អិតបំផុតពីបញ្ហានេះ។

ហេតុផលទាំងឡាយដូចបានជំរាបជូនខាងលើនេះ តើ SpaceX នឹងត្រូវធ្វើដូចម្តេច ឬ ក៏នឹង សហការជាមួយអង្គការអវកាសមួយណា ក្រៅពី NASA ដើម្បីនាំមនុស្សទៅឲ្យដល់ភពអង្គារ មុនពេលវេលាកំណត់របស់ NASA នោះ? ចម្លើយ គឺមានតែការរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕