(ក្រុងរីយ៉ូ)៖ ភ្លើងគប់ (Flame) ដែលជាសញ្ញាបើកសម្ពោធការប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ នេះ ត្រូវបានដង្ហែមកដល់ទីកន្លែងចាប់ផ្តើម នៃប្រទេសប្រេស៊ីលជាផ្លូវការហើយ ក្រោយចាកចេញពីទីក្រុង Geneva ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែឧសភា។

សារព័ត៌មាន BBC បានឲ្យដឹងថា ភ្លើងគប់ ត្រូវបានដង្ហែតាមជើងហោះហើរត្រង់ពីទីក្រុង Geneva នៃប្រទេសស្វីស មកកាន់ទីក្រុង Brasilia របស់ប្រេស៊ីល ដែលមានការទទួលស្វាគមន៍ពីប្រធានាធិបតី Dilma Rousseff រួមជាមួយ អត្តពលិកចំនួន ១២០០០នាក់ផងដែរ ដែលត្រូវចាប់ផ្តើមធ្វើការដង្ហែជុំវិញទីក្រុងចំនួន ៣០០នៅ ទូទាំងប្រទេស ប្រេស៊ីលក្នុងរយៈពេល៩៥ថ្ងៃ មុនការប្រកួតកីឡាអូឡាំពិក ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។

ការដង្ហែភ្លើងគប់ នៅទូទាំងជាង៣០០ទីក្រុងនោះដែរ នឹងត្រូវបានដង្ហែថ្ងៃចុងក្រោយចេញពីទីក្រុង Amazon ឆ្ពោះទៅកាន់ព្រំប្រទល់ភាគខាងត្បូងនៃប្រទេសប្រេស៊ីល មុនដង្ហែមកទីចាប់ផ្តើមនៃកីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio de Janeiro ជាផ្លូវការនៅថ្ងៃទី៥ សីហា។

ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នេះ នឹងមានអត្តពលិកសរុបចំនួន ១០៥០០នាក់ មកពី ២០៦ប្រទេសចូលរួមប្រកួតដណ្តើមមេដាយទៅលើ ២៨ប្រភេទកីឡា នៅទីតាំងចំនួន៣៣កន្លែងទូទាំងប្រទេស ប្រេស៊ីល ជាមួយនឹងប្រភេទកីឡាបាល់ទាត់ចាប់ផ្តើមមុនគេ នាថ្ងៃទី៣ សីហា នេះបើយោងតាមគេហទំព័រ IOC អន្តរជាតិ ហើយវាក៏ជាលើកទី១ផងដែរ សម្រាប់លោកប្រធាន Thomas Bach ក្នុងការរៀបចំយុទ្ធនាការកីឡា Summer Olympic Games នេះ៕