Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook សម្តេចតេជោ៖ សេរីភាពសារព័ត៌មាននៅកម្ពុជា គឺទូលំទូលាយមែនទែន

04-05-2016 16:27

(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលបានរៀបចំធ្វើក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មាន ជាសិទ្ធិរបស់អ្នក»។ ទោះជាយ៉ាងណា នៅកម្ពុជា ពេលនេះត្រូវបានផ្តល់ចំណាត់ថ្នាក់ជាប្រទេស ដែលមានស្ថានភាពព័ត៌មានល្អប្រសើរ ជាងគេបំផុត នៅក្នុងចំណោមបណ្តាប្រទេស អាស៊ានទាំង១០។

ថ្លែងសារអំពីទិវាសេរីភាពសារព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានលក្ខណៈ ទូលំទូលាយ ហើយសម្តេច បានអំពាវនាវឱ្យសារព័ត៌មានទាំងអស់ ត្រូវស្រង់ប្រភពព័ត៌មាន ឱ្យបានច្បាស់លាស់ពិតប្រាកដត្រូវក្លាហាន ហ៊ានសូមទោស និងកែរតម្រូវឱ្យទាន់ពេលវេលា នៅពេលផ្សាយខុស ហើយត្រូវចូលរួមផ្សព្វផ្សាយ អ្វីដែលល្អ មានប្រយោជន៍ដល់ ប្រទេសជាតិ។

ខាងក្រោមនេះ គឺជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Facebook ជុំវិញទិវាសារព័ត៌មាន ពិភពលោក៖ នៅក្នុងទិវាសេរីភាពសារព័ត៌មានកាលពីម្សិលមិញ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» គឺបានបង្ហាញឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកស្ទួយសិទ្ឋិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមាន តួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ ពីគ្រប់រូបភាព និងគ្រប់ជ្រុងជ្រោយនៃសង្គម។

«កម្ពុជា» ត្រូវបានចាត់ទុកជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុត នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ នេះដោយសារការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិខ្មែរទាំងមូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំ សម្តេចតេជោ ហ៊ុន សែន ដែលតែង តែគាំទ្រលើកទឹកចិត្តក្នុងការស្តារ អភិវឌ្ឍសមត្ថភាព និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ នៅកម្ពុជាតាមរយៈច្បាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

នៅកម្ពុជា ការបញ្ចេញមតិត្រូវបានបើកចំហរដោយស្មើភាព ដោយគ្មានការរើសអើង ការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីឡើយ។ មកដល់សព្វថ្ងៃនេះ យើងមានបណ្តាញសារព័ត៌មានគ្រប់រូបភាពរាប់រយរួមទាំងសារព័ត៌មានពេញនិយម Online ជាច្រើន ជាពិសេសតាម Facebook ដែលបាននិងកំពុងធ្វើ សកម្មភាពរបស់ខ្លួនដោយសេរីបំផុតនៅកម្ពុជា ក្នុងនោះគឺរួមមានទាំងសារព័ត៌មានដែលមាននិន្នាការ ប្រឆាំងផងដែរ។

អ្នកសារព័តមាន ត្រូវតែបញ្ជាក់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវ ជាពិសេស គឺត្រូវស្តាប់ឱ្យច្បាស់មុននឹងចេញផ្សាយអ្វី ដែលមិនពិត។ បើផ្សព្វផ្សាយអ្វីមួយខុសពីការពិត គឺត្រូវក្លាហានហ៊ានសូមទោសនិងកែរតម្រូវឱ្យទាន់ពេលវេលាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អមានប្រយោជន៍ ដល់ប្រទេសជាតិក្នុងការទាក់ទាញទេសចរក៏ដូចជាពាណិជ្ជករ និងវិនិយោគគិនជាដើម៕