(កំពង់ស្ពឺ)៖ រថយន្តពន្លត់អគ្គីភ័យ នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានដឹកទឹកស្អាតទៅចែកជូន ប្រជាពលរដ្ឋចំនួន៤៧គ្រួសារបន្ថែមទៀត នៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០១៦នេះ។
នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា មានពីរបីភូមិហើយ រួមទាំងភូមិត្រាវនេះផងដែលមាន ទឹកស្រះ អណ្ដូង ឬទឹកទិញគេ មិនអាចបរិភោគបាន។ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានត្រឡប់មកភ្នំពេញវិញភ្លាម ដើម្បីយកទឹកពីរោងចក្រស្រាបៀរកម្ពុជា ទៅចែកជូនបន្ថែមទៀត បន្ទាប់ពីចែកទឹកក្នុងរថយន្តជើងទីមួយអស់។
លោក បន្ថែមថា «តាមពិតទៅយើងអាចបូមទឹកពីស្រះ ឬអណ្ដូងផ្សេងៗមកចែកជូនគាត់បាន ប៉ុន្តែយើងសុខចិត្តត្រឡប់មកដឹកទឹកពី ភ្នំពេញវិញ ដោយសារប្រជាពលរដ្ឋត្រូវការទឹកស្អាតសម្រាប់បរិភោគ ខ្លាំងជាងទឹកប្រើប្រាស់ផ្សេងៗ ហើយទីរួមខេត្តកំពង់ស្ពឺឆ្ងាយពីភូមិ មកភ្នំពេញ»។
លោកយាយ អ៊ុំ វ៉ាន់ អ្នកភូមិត្រាវ បានឲ្យដឹងថា «ទឹកត្រពាំង គេអូសកំប្លោកឡើងក្រហមហើយ យើងនៅតែដងយកមកទុកឲ្យរងសម្រាប់ ប្រើប្រាស់ ដោយសារខ្វះទឹកណាស់ ពេលឃើញទឹកមកអីចឹង ខ្ញុំសប្បាយចិត្ត បន់ឲ្យបានមកបែបនេះរាល់ថ្ងៃ»។
មេឃុំវាល លោក ប្រាក់ សារិន បានឲ្យដឹងថា«នៅភូមិត្រាវក៏មានស្រះទឹក និងអណ្ដូងដែរ ប៉ុន្តែត្រូវរីងស្ទើរអស់ ហើយរាល់ថ្ងៃប្រជាពលរដ្ឋ ទិញ ទឹកគេមួយធុងសាំងតម្រៃ៣៥០០រៀដោយសារជីវភាពខ្វះខាតផង បញ្ហាខ្វះទឹកប្រើប្រាស់នេះគឺជាបន្ទុកដ៏ធ្ងន់សម្រាប់គាត់។ ដូច្នេះម្សិលមិញ ក្រោមការជួយឧបត្ថម្ភទឹកពីក្រុមហ៊ុនស្រាបៀរកម្ពុជា យើងបានចែកទឹកឲ្យគាត់ពេញមួយភូមិ ដែលមាន៤៧គ្រួសារ។ ទឹកដែលគាត់បាន គឺគាត់ច្រកទុកហូបទាំងអស់ ហើយសម្រាប់ប្រជាជនគ្មានអ្វីធំជាងអត់ទឹកហូបនេះទេ សូមអរគុណខ្លាំងណាស់ ដល់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានយកចិត្តទុកដាក់ចូលរួមជួយសង្គម តាមរយៈការដឹកទឹកមកចែកជូនប្រជាពលរដ្ឋ»។
មកដល់ពេលនេះ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកទឹកមកចែកជូនប្រជាពលរដ្ឋ៦ថ្ងៃជាប់ៗគ្នាបាន ចំនួន៦ភូមិក្នុងខេត្តពីរ គឺខេត្តកំពត និងខេត្តកំពង់ស្ពឺ សរុបជាគ្រួសារបានជាង៣០០គ្រួសារ ហើយកន្លងមក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិត ស្រាបៀរកម្ពុជា តែងតែជួយសង់សាលារៀន ឧបត្ថម្ភមន្ទីរពេទ្យ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ និងជួយផ្នែកមនុស្សធម៌ផ្សេងៗ៕