(ភ្នំពេញ)៖ ការនាំចេញអង្កររបស់របស់កម្ពុជា ទៅកាន់ទីផ្សារបរទេសរយៈពេល២ខែចុងក្រោយនេះ មានការធ្លាក់ចុះគួរឲ្យគត់សម្គាល់ ដែលនាំឲ្យមានការព្រួយបារម្ភ។
ទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅខែមីនា និងខែមេសា ឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់បើធៀបនឹងខែមីនា និងមេសា ឆ្នាំ២០១៥។ តួលេខបង្ហាញថា នៅខែមីនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករ ៦៦,២៧៥តោន ខណៈខែមីនា ឆ្នាំ២០១៥ នាំចេញបានរហូតដល់៧៥,៨៦៧តោន។ ចំណែកនៅខែមេសា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញ អង្ករបាន ៣៩,៥៥០តោន ខណៈខែមេសា ឆ្នាំ២០១៥ នាំចេញបានរហូតដល់៥១,៧១៩តោន។
លោក ហ៊ាន វណ្ណហន អគ្គនាយករងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ បានថ្លែងពីការបារម្ភ នៃការធ្លាក់ចុះការនាំចេញអង្កររបស់កម្ពុជាថា ចំនួននៃការធ្លាក់ចុះនេះ អាចនឹងជះឥទ្ធិពល ដល់ការនាំចេញអង្ករ នៅក្រោយៗទៀត និងអាចជះឥទ្ធិពល ដល់ការនាំចេញប្រចាំឆ្នាំផងដែរ។
មន្ត្រីក្រសួងកសិកម្មរូបនេះ បានលើកឡើងពីកត្តាធំៗចំនួន២ ដោយលោកយល់ឃើញថា ដោយសារបរិមាណស្រូវ នៅកំឡុងខែចុង ក្រោយនេះ បានអស់ព្រោះតែផុតរដូវប្រមូលផល។ មួយវិញទៀតលោក មើលឃើញថា រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាគ្មានស្តុកស្រូវ សម្រាប់ធ្វើការច្នៃជាអង្ករ ដោយសារតែពួកគេខ្វះដើមទុន សម្រាប់ទិញស្រូវ។
និន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងទៀតថា រយៈពេល៤ខែដើមឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ការនាំចេញអង្កររបស់កម្ពុជា មានការកើនឡើងតិចតួច កម្ពុជានាំចេញបានចំនួន ២០១,៧៧០តោន ខណៈ៤ខែដើមឆ្នាំ២០១៥ នាំចេញអង្ករបាន ២០១,១៨៣តោន៕