(កំពង់ធំ)៖ ក្រោយទទួលបានព័ត៌មានថា ប្រជាពលរដ្ឋរបស់ខ្លួន ដាច់ទឹកប្រើប្រាស់នោះ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង និងតបណ្តាញទឹកស្អាត ជូនប្រជាលរដ្ឋ ស្ថិតនៅភូមិក្រចាប់ និងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន សរុបជាង២០០០ម៉ែត្រ។
ពេលចុះពិនិត្យនោះ លោក គង់ វិមាន បានថ្លែងថា «ដោយឆ្លងតាមការពិនិត្យឃើញ ទឹកអណ្តូង បឹង បួរ ស្រះនិងប្រឡាយត្រូវរីងស្ងួតជា បណ្តើរៗនោះ អាជ្ញាធរខេត្តសម្រេចផ្តល់ ជូនការតបណ្តាញទឹកស្អាត ដើម្បីដោះស្រាយជាជំហានៗ តាមលទ្ធភាពជាក់ស្តែងដែលអាច ដោះស្រាយបាន»។
លោកថា អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់គិតគូ ចំពោះប្រជាពលរដ្ឋជានិច្ច ដោយគោរពតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «អាជ្ញាធរខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ទឹកនោះទេ»។ នៅចំពោះមុខអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋលោក គង់ វិមាន បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកស្អាត ត្រូវចេះសន្សំសំចៃ និងត្រូវចេះជួយថែរក្សាសម្ភារសាធារណៈ ហើយអាជ្ញាធរសូមធ្វើការអភ័យទោសដល់បងប្អូន មួយចំនួនទៀត ដែលមិនទាន់បានទទួលការឆ្លើយតបទាន់ពេលវេលា តែអាជ្ញាធរនឹងខិតខំឲ្យអស់លទ្ធភាពដោះស្រាយជាបន្តបន្ទាប់ តាមតែអាចធ្វើបាន៕