(តាកែវ)៖ បើគ្មានអ្វីប្រែប្រួលទេ តំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បច្ចុប្បន្នដែលមានទីតាំងនៅក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង និងដែលមានចម្ងាយប្រមាណជិត ៩គីឡូម៉ែត្រពីក្រុងដូនកែវ នឹងត្រូវផ្លាស់ប្ដូរមកក្រុងដូនកែវ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាម នាយយោធាជាន់ខ្ពស់ របស់យោធភូមិភាគទី៣។

ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នរៀបរយដល់នាយទាហាន ពលទាហានតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានថ្លែងឲ្យដឹងថា ទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បច្ចុប្បន្ន នឹងត្រូវផ្លាស់ទៅទីតាំងថ្មីនៅភូមិសិង្ហ សង្កាត់រកាក្រៅ ក្រុងដូនកែវ ហើយទីតាំងបច្ចុប្បន្ន និងទុកជាកន្លែងហ្វិកហ្វឹក និងជាទីតាំងរបស់វរៈសេនាតូចលេខ២។

ទីតាំងទីបញ្ជាការថ្មី មានផ្ទៃដីប្រមាណជាង១ហិកតា ហើយនិងត្រូវកសាងអាគារមួយចំនួន ដែលជាជំនួយរបស់យោធាវៀតណាម ខេត្តអានយ៉ាង។ គួរបញ្ជាក់ថា ទីតាំងទីបញ្ជាការតំបន់ប្រតិបត្តិសិករងខេត្តតាកែវ បច្ចុប្បន្នត្រូវបានផ្លាស់ចេញពីទីតាំងចាស់នៅក្រុងដូនកែវកាលពីឆ្នាំ២០០៧ សម័យលោក សាយ សារុន ជាមេបញ្ចាការហើយទីបញ្ជាការនេះ កសាងលើផ្ទៃដីទំហ៊ំប្រមាណ៥ហិកតា។

ទីបញ្ជាការបច្ចុប្បន្នត្រូវបាននាយទាហាន ពលទាហានមួយចំនួន ធ្វើការរអ៊ូរទាំថា មានចម្ងាយឆ្ងាយពីផ្ទះ ហេតុដូច្នោះហើយបានជាអាជ្ញាធខេត្ត បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរទីតាំងនេះ មកក្រុងដូនកែវវិញ៕