(ភ្នំពេញ)៖ លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនអ្នកបើករថយន្ត Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។
លោក តេង ស៊ីណូ បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ ប្រគល់ឲ្យការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅចាត់ការបន្ត។ លោកអធិការបានបន្ថែមថា អ្នកបើកបររថយន្តស្រវឹងស្រា ទើបបើករថយន្តបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕