(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់អង្គភាព Fresh News ឱ្យដឹងថា ការកោះហៅ លោក កឹម សុខា និងតំណាងរាស្រ្ត២រូប នាពេលនេះ គឺធ្វើឡើងទៅតាមនីតិវិធីច្បាប់ ដោយមិនបានរំលោភដល់រដ្ឋធម្មនុញ្ញ ដូចការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិនោះទេ។
ការអះអាងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់ថា តុលាការបានប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។
លោក លី សុផាណា បានបញ្ជាក់ថា តុលាការមានសិទ្ធិក្នុងការកោះហៅបុគ្គលនានា ដើម្បីបំភ្លឺទៅនឹងរឿងអ្វីមួយ ហើយក៏អាចកោះហៅតំណាងរាស្រ្តបានដែរ។ លោកថា អភ័យឯកសិទ្ធិដែលចែងក្នុងរដ្ឋធម្មនុញ្ញ គ្រាន់តែបានការពារមិនឱ្យមានការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន តំណាងរាស្រ្តប៉ុណ្ណោះ ប៉ុន្តែបើករណីបទល្មើសជាក់ស្តែងវិញ អភ័យឯកសិទ្ធិនេះនឹងមិនអាចការពារតំណាងរាស្ត្របាននោះទេ។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ បានចែងថា «តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងារ របស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹង អាចធ្វើទៅកើត លុះត្រាតែមានការ យល់ព្រម ពីរដ្ឋសភា ឬពីគណៈកម្មាធិការ អចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច»។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការមួយ បញ្ជាក់ថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ សេចក្តីថ្លែងការណ៍ដែលចេញដោយ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា «រាល់ការចេញដីកា កោះហៅតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិសភា ពីសំណាក់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការប្រើអំណាចដោយរំលោភពបំពានយ៉ាងធ្ងន់ធ្ងរ លើអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងតំណាងរាស្រ្ត២រូប ក្នុងនោះរួមមាន លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ឱ្យចូលឆ្លើយបំភ្លឺនៅតុលាការ អំឡុងពាក់កណ្តាលខែនេះ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលសារភាពថា មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។
កញ្ញាស្រីមុំ បានចោទលោក កឹម សុខា រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតថា បានណែនាំឱ្យនាងនិយាយភូតកុហកសមត្ថកិច្ច ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង។ ស្រីមុំបានសរសេរនៅក្នុងពាក្យបណ្តឹងនោះថា «នាងខ្ញុំសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា ឆ្លងកាត់ដំណើររឿង នេះ នាងខ្ញុំត្រូវខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ ដោយសារឈ្មោះ កឹម សុខា ភេទប្រុស បានសន្យាជាច្រើនជាមួយនាងខ្ញុំ មានដូចជា សន្យាផ្តល់ប្រាក់ចំនួន៣ពាន់ដុល្លារអាមេរិក សន្យាទិញផ្ទះ និងទិញរបស់របរដែលនាងខ្ញុំត្រូវការឲ្យនាងខ្ញុំ សន្យាបើកមុខរបរឲ្យនាងខ្ញុំ។ល។ តែរហូតមកដល់ពេលនេះ គាត់មិនបានប្រគល់ឲ្យនាងខ្ញុំទេ»៕