(ស្វាយរៀង)៖ មានករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ចុះពិនិត្យបុរសម្នាក់ដេកក្នុងថ្លុកឈាម និងប្រញាប់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោក ហែម សាមុត អធិការនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន តេជះ អាយុ៣៤ឆ្នាំ មុខរបរនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញ ដោយបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោកបញ្ជាក់ថា បុរសនេះបានយកកាំភ្លើង ម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បាញ់សំលាប់ខ្លួនឯងចំនួន១គ្រាប់នៅត្រង់គល់-ក ខាងឆ្វេងធ្លាយមកឆ្អឹងជំនីខាងស្តាំ ក្រោយពេលផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង បណ្ដាលឲ្យស្រវឹងហើយមានចិត្តប្រចណ្ឌប្រពន្ធផង ក៏ដាច់ចិត្តគិតធ្វើអត្តឃាតតែម្តង។

បុរសរងគ្រោះ បានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុរយៈពេល២ថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក និងក្រុមការងារ បន្តចុះមកកន្លែងកើតហេតុពិនិត្យម្ដងទៀតផងដែរ។
រីឯសម្ភារវត្ថុតាងកាំភ្លើង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕