(ពោធិ៍សាត់)៖ សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបាននាំយកមកប្រគល់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសផ្គត់ផ្គង់ដល់ការសម្រាក ព្យាបាល វះកាត់ និងសង្គ្រោះអ្នកជំងឺផ្សេងៗ។

ពិធីប្រគល់-ទទួល អំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ជាវ តាយ អភិបាលខេត្ត, លោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារគ្រប់គ្រង់សម្ភារៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, តំណាងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលត្រូវផ្តល់ជូនរដ្ឋបាលខេត្ត នាឱកាសនេះរួមមាន៖ សម្ភារទាក់ទងការរុំ និងការថែទាំរបួស ចំនួន១៥០កេស, សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ចំនួន១៥០កេស, សម្ភារជំនួយការងារមន្ទីរពិសោធន៍ ចំនួន១៥០កេស, សម្ភារជំនួយការវះកាត់ ចំនួន១៥០កេស, សម្ភារបរិក្ខាផ្សេងៗ ចំនួន១៥០កេស, ជែលលាងសម្អាតដៃ ៥០មីលីលីត្រ ចំនួន៣ម៉ឺន៥ពាន់ដប, ជែលលាងសម្អាតដៃ ២៣៦មីលីលីត្រ ចំនួន៥ពាន់ដប, ជែលលាងសម្អាតដៃ ៥០០មីលីលីត្រ ១ម៉ឺនដប, អាវក្រណាត់(សម្រាប់អ្នកជំងឺ) ចំនួន៧,៥០០អាវ និងជើងដើរ ចំនួន២០សម្រាប់។

ឆ្លៀតក្នុងឱកាសនោះ លោក ចេង ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានចាត់តាំងតំណាង គឺលោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារគ្រប់គ្រង់សម្ភារៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នាំយកអំណោយជាឧបករណ៍សម្ភារ ទាក់ទងនឹងការរុំ ការថែទាំរបួស សម្ភារជំនួយការពិនិត្យជំងឺទូទៅ រោគស្ត្រី សម្ភារជំនួយការងារមន្ទីរពិសោធន៍ សម្ភារជំនួយការវះកាត់ និងសម្ភារបរិក្ខារផ្សេងៗ មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រគល់បន្ត ទៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ដែលកំពុងមានតម្រូវការជាចាំបាច់។ សម្រាប់ជែលលាងសម្អាតដៃពិតណាស់ គឺសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែក ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងសូមគោរពជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានសុខភាពល្អបរិបូរណ៌គ្រប់ៗគ្នា៕