(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចភក្ដី សាយ ឈុំ ចុះសួរសុខទុកពិនិត្យផ្ដល់ថ្នាំព្យាបាលកូវីដ១៩ និងគ្រឿងឧបភោគ បរិភោគរួមទាំងថវិការមួយចំនួន ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះនៅក្នុងភូមិ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឡេង ប៊ុនតេង បានណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» ដោយការធ្វើអនាម័យជាប់ជានិច្ច ក្នុងការរស់នៅស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោកក៏ជំរុញឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងសូមនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕