(ភ្នំពេញ)៖ រថយន្តដឹកអូសាវ៉ែល១គ្រឿង បានរេចង្កូត ក្រឡាប់ក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យបែកទឹកអូសាវ៉ែល សាយភាយក្លិនពេញវាលពេញកាល ធ្វើឱ្យអ្នកធ្វើដំណើរមិនអាចធ្វើចរាចរណ៍ជិតបាន និងធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ខំចិត្តបិទផ្លូវក្រោមដី ព្រោះរថយន្តក្រឡាប់ទទឹងទិស មិនអាចឱ្យអ្នកដំណើរឆ្លងកាត់បាន។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១១៖២៥នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បើតាមអ្នកបើកបររថយន្តខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគេ បានបើកបរតាមបណ្តោយផ្លូវមុន្នីរ៉េត ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ក៏បន្ថយល្បឿន ព្រោះរថយន្តបានដឹកសម្ភារធ្ងន់ លុះដល់ផ្លូវកោងបណ្តាលឱ្យកង់រថយន្តបះម្ខាង រហូតគ្រប់គ្រងស្ថានការណ៍មិនជាប់ ទើបក្រឡាប់ជះទឹកអូសាវ៉ែល បាចសាចពាសពេញផ្លូវតែម្តង។
មកទល់នឹងពេលនេះ គ្មាននរណាម្នាក់ហ៊ាននៅក្បែរទេ គ្រាន់តែជិះឆ្លងកាត់ក្បែរ ក៏មិនអាចទ្រាំនឹងក្លិនហ្នឹងបានទេ ទើបសមត្ថកិច្ចព្យាយាមប្រើរថយន្តស្ទួចយករថយន្តបង្ក ចេញពីកន្លែងអាសន្នដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងក្លិនអាក្រក់របស់ទឹកអូសាវ៉ែលនោះ ព្រោះសង្ស័យផ្ទុកសារធាតុគីមី។សូមបញ្ជាក់ថា ករណីខាងលើនេះមិនបានបង្កឱ្យមានអ្នករងបួសឡើយ គ្រាន់តែខូចខាងរថយន្តបង្ក និងសម្ភារក្នុងនោះប៉ុណ្ណោះ។ ក្រោយកើតសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងបានយករថយន្តបង្កទៅកាន់ការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ រងចាំម្ចាស់មកដោះស្រាយទៅតាមផ្លូវច្បាប់៕