(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រោយមានព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ រាយការណ៍ពីល្បែងកន្ទុយលេខ ស្ថិតនៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកព្រះស្តេច ផ្ញើទៅកាន់ Page Facebook សម្តេចតេជោ ហ៊ុន សែន នោះភ្លាមៗ លោកបានបញ្ជាទៅកម្លាំងនគរបាលមូលដ្ឋាន ចុះធ្វើការងារនេះ ដោយសហការជាមួយមេភូមិ និងមេឃុំ តែជាលទ្ធផលគ្មានការលេងទៀតនោះឡើយ។
សម្រាប់ករណីល្បែងស៊ីសងនេះ លោកឧត្តមសេនីយ៍ស្នងការ បានទទួលស្គាល់ថា ពីមុនមានឈ្មោះ សេង រ៉ា ជាអ្នកបើក ល្បែងកន្ទុយលេខនេះមែន ប៉ុន្តែករណីនេះបានដោះស្រាយរួចហើយ ដោយឈ្មោះនេះ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងមានលិខិតរបស់មេភូមិ មេឃុំទៀតផងគឺឲ្យគេបញ្ឈប់សកម្មភាព។
ករណីនេះដែរ ក៏មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទៅដល់តុលាការទៀតផង ហើយឈ្មោះនេះ ក៏ត្រូវតុលាការហៅទៅសួរនាំ រហូតបញ្ឈប់ទាំងស្រុង មិនមានបើកលេងទៀតនោះទេ។ លោកឧត្តមសេនីយ៍ស្នងការ ស្រេង ជា បានបញ្ជាក់ថា «ក្រោយមានសេចក្តីរាយការណ៍នេះភ្លាមៗ យើងបានចុះពិនិត្យ និងធ្វើការស្រាវជ្រាវភ្លាមដែរ ប៉ុន្តែឈ្មោះនេះ មិនបើកលេងទៀតឡើយ គឺរកស៊ីលក់សាំងប៉ុណ្ណោះ ហើយក៏មានការបញ្ជាក់ពីមេភូមិ និងមេឃុំទៀតផង។ បើយើងរកឃើញថា មានលេងទៀតនោះ យើងនឹងចុះបង្ក្រាបភ្លាមមិនទុកនោះទេ»។
សូមបញ្ជាក់ថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ច ចុះត្រួតពិនិត្យមើល កន្លែងលេខកន្ទុយ(ឆ្នោត) មួយកន្លែងនៅឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយពីយុវជនម្នាក់បានរាយការណ៍ថាបានពង្វក់ឪពុករបស់គេ រហូតដល់លក់ស្រែចម្ការគ្មានសល់។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន មានយុវជនម្នាក់ដែលដាក់ឈ្មោះលើ Facebook ថា «SN Csm Csm» បានរាយការណ៍អំពីករណីបើកលេងកន្ទុយលេខនៅភូមិរបស់គេ ដែលបានបង្វក់ប្រជាពលរដ្ឋនៅតំបន់ ឱ្យអស់លុយកាក ស្រែចម្ការ។ យុវជនរូបនេះ បានអះអាងថា ឪពុករបស់គេ ក៏បានអស់លុយ អស់ស្រែចម្ការដោយសារ កន្ទុយលេខនេះផងដែរ។ SN Csm Csm បានសរសេរថា «សម្ដេចជាទីគោរព! ខ្ញុំសរសេរជាលើកទី៥ ផ្ញើជូនសម្ដេចពីបញ្ហាល្បែងខុសច្បាប់គឺកន្ទុយលេខ ដែលមានទីតាំងផ្ទះឈ្មោះ សេង រ៉ា នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុ មេប៉ុស្តិ៍ និងអធិការស្រុក ត្រូវបានមេឆ្នោតបង់លុយជារៀងរាល់ខែ។ ឪពុករបស់ខ្ញុំ គាត់ចាក់ឆ្នោត១ពេលអស់ ១០០០០០រៀល ខ្ញុំបាទពីបាកចិត្តខ្លាំងណាស់ ព្រោះគាត់លក់ស្រែអស់១បាត់ហើយ។ ស្រែក៏អស់លុយក៏អត់ ព្រោះតែចាញ់ឆ្នោត។ មានតែសម្ដេចទេ ដែលអាចជួយលោកឪពុកខ្ញុំបាន ពីព្រោះខ្ញុំបានប្ដឹងសម្ថតកិច្ចអស់ហើយ ប៉ុន្តែពួកគាត់មិនដោះស្រាយអោយទេ មូលហេតុគាត់ស៊ីលុយគេ»។ ជាការច្រើនតប សម្រេចបានបង្គាប់ឱ្យសមត្ថកិច្ចចុះពិនិត្យមើល និងដោះស្រាយ។ សម្តេចបានសរសេរតបថា «សូមសមត្ថកិច្ចចុះពិនិត្យដោះស្រាយល្បែងស៊ីសង»៕