(កំពង់ស្ពឺ)៖ រថយន្តពន្លត់អគ្គីភ័យរបស់ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀកម្ពុជា បានបន្តដឹកទឹកទៅចែកជូន ប្រជាពលរដ្ឋបានមួយ ភូមិទៀត នោះគឺភូមិជ្រៃវារ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ដួង សយ មេឃុំព្រៃវិហារ បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងភូមិជ្រៃវារ ត្រូវធ្វើដំណើរចម្ងាយបួនគីឡូម៉ែត្រ ពីភូមិទៅដងទឹក ក្នុងស្រះមួយ ដែលគេជីកដើម្បីយកដីសង់រោងចក្រ ហើយ យើងបានរៀបចំឲ្យមានការចែកទឹក ដល់គ្រួសារនីមួយៗស្មើៗគ្នាអត់មានគ្រួសារ ណាបានតិច គ្រួសារណាបានច្រើននោះទេ។ ក្នុងភូមិជ្រៃវារនេះ មានគ្រួសារចាស់ជរា និងស្រ្ដីមេម៉ាយជិត២០គ្រួសារដែរពិបាកក្នុងការទៅរក ទឹកមកប្រើប្រាស់ណាស់។
លោកបន្ដថា «ក្រោយពីមានការដឹកទឹកមកចែកចាយ គាត់សប្បាយរីករាយរកអ្វីប្រៀបផ្នឹមពុំបាន តាងនាមខ្ញុំតំណាងឲ្យប្រជាពលរដ្ឋ ក្នុងភូមិជ្រៃវារ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនស្រាបៀរកម្ពុជា និងជូនពរដល់ក្រុមហ៊ុននេះឲ្យកាន់តែរកស៊ីមានបាន»។
លោកយាយ នូ ផុន អ្នកភូមិជ្រៃវារ បានឲ្យដឹងផងដែរថា «នៅភូមិខ្ញុំអត់មានភ្លៀងតាំងពីរដូវច្រូតមកម្ល៉េះ រាល់ថ្ងៃទឹកដែលត្រូវការសម្រាប់ ទាំងមនុស្ស គោ មាន់ និងដំណាំ ដោយសារអត់ទឹកពេក សត្វមាន់ងាប់ជាហូរហែម្ដងមួយម្ដងពីរ ខ្ញុំមានចៅច្រើន ខ្ញុំប្រើទឹកចុះជាងគេ»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានថ្លែងថា «ទិដ្ឋភាពខ្វះទឹកប្រើប្រាស់របស់ភូមិនីមួយៗនៅតំបន់ ដាច់ស្រយាលមិនសូវខុសគ្នាប៉ុន្មាននោះទេ ហើយភូមិជ្រៃវារ ខ្វះទឹក ហើយសម្បូរគ្រួសារចាស់ជរា និងស្រ្ដីមេម៉ាយ ដែលខ្វះកម្លាំងក្នុងការ ទៅរកទឹកមកប្រើប្រាស់។ ក្មេងៗក្នុងភូមិចេញទៅធ្វើការនៅរោងចក្រអស់ហើយ។ អ្នកពន្លត់អគ្គីភ័យរបស់យើងខ្លះរែកទឹកខ្លះយួរទឹកទាំង ធុងៗទៅចាក់ដល់ក្នុងពាងឲ្យគាត់ដោយគ្មានការនឿយហត់ ពីព្រោះយើងបានធ្វើបុណ្យជាមួយមនុស្សចាស់ជរា និងស្រ្ដីមេមាយ»។
គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលតែងតែជួយសង់សាលារៀន ឧបត្ថម្ភមន្ទីរពេទ្យ ផ្ដល់អាហារូបករណ៍ដល់និស្សិត ក្រីក្រនិងជួយផ្នែកមនុស្សធម៌ផ្សេងៗ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកទឹកមកចែកជូនប្រជាពលរដ្ឋ៥ថ្ងៃជាប់ៗគ្នា បានចំនួន៥ភូមិក្នុងខេត្តពីរ គឺខេត្តកំពត និងខេត្តកំពង់ស្ពឺ សរុបជាគ្រួសារបានជាង២៨០គ្រួសារ ហើយក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិត ស្រាបៀរ កម្ពុជានឹងដឹកទឹកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ជាបន្តទៀត៕