(សៀមរាប)៖ ភ្លៀងធ្លាក់ដើមរដូវ ធ្វើឱ្យផ្ទះសម្បែងសរុប១៧ខ្នង ក្នុងស្រុកបន្ទាយស្រី រងការដួលរលំ និងខូចខាត។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ករណីខាងលើនេះ ពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ភ្លាមៗក្រុមការងារស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានធ្វើការឆ្លើយតបភ្លាមៗ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់មួយចំនួនទៅដល់លំនៅឋានផ្ទាល់របស់បងប្អូនជនរងគ្រោះ ហើយក្រុមការងារនឹងបន្តកៀរគរស្វែងរកធនធានដើម្បីសាងសង់ផ្ទះដែលបានខូចខាតឡើងវិញផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈដែលភ្លៀងដើមរដូវក្រៅពីងាយបង្កឱ្យឈឺហើយនោះ ច្រើនមានលាយឡំនឹងខ្យល់កន្ត្រាក់ ក៏ដូចជារន្ទះកាចៗ។

លោក ឃឹម ហ្វីណង់ ណែនាំពលរដ្ឋ ដែលប្រកបមុខរបរតាមនៅដងផ្លូវ វាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃភ្លៀង ត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ និងជៀសវាងទីជម្រកដែលមិនរឹងមាំ ឬគ្មានសុវត្ថិភាព ដែលអាចនាំឱ្យគ្រោះថ្នាក់ដល់ជីវិតបាន៕