(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៨១៧,៧៥៦ដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលចំនួន២ សម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងការលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន និងអ្នកតំណាងអង្គការទទួលជំនួយទាំង២ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

*ទី១៖ គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី២) (ថវិកាជំនួយ ១២០,៤៦១ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen

នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជា មូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់សម្ភារៈ និងឧបករណ៍អប់រំ ដើម្បីកលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ និងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង។ មិនតែប៉ុណ្ណោះអង្គការនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់ការអប់រំអំពីបរិស្ថាន ដោយសហការជាមួយវត្តអារាម មណ្ឌលសុខភាព ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងមន្ទីរបរិស្ថានខេត្ត។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ នឹងអាចដើរតួនាទីស្នូលក្នុងការលើកកម្ពស់ និង អប់រំការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ហាបរិស្ថាន។ ដោយរំពឹងថាគម្រោងនេះនឹងជួយកែលម្អ បរិស្ថានរស់នៅទូទាំងប្រទេសកម្ពុជា។

*ទី២៖ គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី១) (ថវិកាចំនួន ៦៩៧,២៩៥ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ Save the Children Japan

នៅក្នុងគម្រោងនេះអង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុក ម្តាយ និងមន្ត្រីសាលារៀន បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិសម្រាប់ការការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន។

តាមរយៈគម្រោងនេះសិស្សប្រហែល ១២,០០០នាក់ និងគ្រូបង្រៀនចំនួន៤៤០នាក់ នៃសាលារៀនគោលដៅនឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មាន អំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរ ឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

បើតាមលោក លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន នឹងប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យទាំងអស់នឹងយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដែលនឹងធ្វើឱ្យបរិស្ថានរស់នៅទូទាំងប្រទេសកម្ពុជាមានភាពប្រសើរឡើង។

បន្ថែមពីនេះឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ថា សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាម សង្ឃឹមថាកុមារនៅកម្ពុជានឹងអាចសិក្សានៅក្នុងបរិស្ថានគ្មានហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុនដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងមានសុខមាលភាពរបស់កុមារ។

លោកស្រី IWAMA Miyoko ជានាយិកានៃអង្គការ Nature Center Risen បានថ្លែងថា គម្រោង «ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន» ដែលបានចាប់ផ្តើមពីឆ្នាំសារពើពន្ធមុននេះ នឹងចូលដល់ឆ្នាំទី២ ចាប់ពីការចុះកិច្ចសន្យានាថ្ងៃនេះទៅ។ កាលពីឆ្នាំទី១ ដើម្បីពង្រីកការអប់រំបរិស្ថាននៅកម្ពុជា បានដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីនៃក្រសួងបរិស្ថានកម្ពុជា ក្នុងការអនុវត្តការបណ្តុះបណ្តាល និងផលិតសម្ភារឧបទេស។

លោកស្រីបានបន្តថា បើទោះជាមានឥទ្ធិពលនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ក៏ពិតមែន ប៉ុន្តែដោយមានឆន្ទៈខ្ពស់ពីសំណាក់មន្ត្រីទាំងអស់ដែលមានលោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ហើយដោយមានការបណ្តុះបណ្តាលតាមអនឡាញ ពីសំណាក់គ្រូឧទ្ទេសជាជនជាតិជប៉ុន ជាច្រើនលើក លោកស្រីទទួលអារម្មណ៍ជាក់ស្ដែងថាបានទទួលនូវសមិទ្ធផលយ៉ាងពិតប្រាកដ។ ការងារផលិតសៀវភៅរូបភាព និងប័ណ្ណបរិស្ថាន ក៏បាននឹងកំពុងដំណើរការទៅមុខយ៉ាងច្បាស់លាស់ដោយសារតែមានកិច្ចសហប្រតិបត្តិការពីសំណាក់លោក លោកស្រីទាំងអស់គ្នាផងដែរ។

បើតាមលោកស្រីអគ្គនាយិការ បានបញ្ជាក់ថា នៅឆ្នាំទី២ នឹងមានបន្ថែមមន្ត្រីនៃមន្ទីបរិស្ថាន ក្នុងខេត្តចំនួន១៥ទៀត។ ដូច្នេះសូមខិតខំប្រឹងប្រែងទាំងអស់គ្នាក្នុងការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីការអប់រំបរិស្ថាន ជាពិសេសសម្រាប់កម្ពុជា ឱ្យបានស៊ីជម្រៅ និងទូលំទូលាយដោយដាក់បញ្ចូលនូវលក្ខណៈពិសេសនៃបរិស្ថានក្នុងតំបន់ផ្សេងៗរបស់កម្ពុជា។ បន្ទាប់មកដល់ពេលដែលត្រូវផ្សាភ្ជាប់ទៅនឹងវត្ត និងមណ្ឌលសុខភាពយ៉ាងពិតប្រាកដ។

សូមជម្រាបថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៤៩លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៤៧ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕