(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី នៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងកម្មពិធីបិទសន្និបាតនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត,លោកអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ សង្កាត់ នាយក នាយករង រដ្ឋបាលសាលាខេត្ត និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូបទៀតផង។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះ លោក លោកស្រី អស់លោក លោកស្រី ដែលបានចូលរួមចំណែក និងផ្តល់នូវកិច្ចសហប្រតិបត្តិការគាំទ្រ ដល់រដ្ឋបាលខេត្តរតនគិរី ក្នុងការបំពេញបេសកកម្មបំរើជាតិមាតុភូមិ និងប្រជាជន សម្រេចបានលទ្ធផលនានាជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងបរិបថកូវីដ១៩យ៉ាងណាក៏ដោយមន្ត្រីរាជ ការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអង្គភាពដៃគូសង្គមស៊ីវិលវិស័យឯកជនទាំងអស់ ក្នុងខេត្តរតនគិរី បានខិតខំពុះពាររែកពុន ការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវក្នុងនាមជាមន្ត្រីជាអ្នកអនុវត្តន៍ តួនាទីភារកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម សំដៅជួយសង្គ្រោះពលរដ្ឋទទួលរងគ្រោះធម្មជាតិនានា។

លោកបានបន្តថា ក្រៅពីនេះទៅទៀតការលើកកម្ពស់សមភាពយេនឌ័រ ការងារបរិស្ថានអនាម័យការងារវប្បធម៌វិចិត្រ សិល្បៈ ការងារធម្មការសាសនា ការងារព័ត៌មាន ការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

លោក ជៀង អំ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលបានធ្វើការ សម្រេចចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចប្រកបការទទួលខុសត្រូវសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងជំរុញការអភិវឌ្ឍសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងបន្តកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

ក្នុងនោះដែរ ក៏បានខិតខំចូលរួមដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងការដោះស្រាយក្តីកង្វល់ សំណើសំណូមពរនិងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេសការ ចូលរួមទប់ស្កាត់និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរ ការ ចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ផ្អែកតាមយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍បង្កលក្ខណៈសម្បត្តិដល់ការ បើកប្រទេស ដំណើរការ ពេញលេញលើគ្រប់វិស័យហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ក៏បានធ្វើសកម្មភាព ពេញលេញទៅតាមកន្លងប្រក្រតីភាពថ្មីតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសនេះដែរលោក ជៀង អំ បានវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ដែលបានរួមចំណែក និងផ្តល់នូវកិច្ច សហការគាំទ្រ ដល់រដ្ឋបាលខេត្តរតនគិរី ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនសម្រេចបានលទ្ធផល នានាជាច្រើនក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។

លោកបានបន្តថា មកដល់ឆ្នាំ២០២២នេះ ស្ថានភាពកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាលគួរឲ្យព្រួយបារម្ភជាពិសេស មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូរមីក្រុង» បាននឹងកំពុងឆ្លងរីករាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី ខេត្តក្នុងនោះមានខេត្តរតនគិរី ផងដែរ។

លោកបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំដាក់ចេញនូវគោលការណ៍ និងវិធានការនានា ជាមួយការគាំទ្រការចូលរួមពីគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋរួមគ្នាដើម្បីគ្រប់គ្រងឆ្លើយតបចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ជាពិសេសការស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរួមនឹងការចាក់ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុង សង្គមឲ្យកាន់តែខ្លាំងសំដៅកាត់បន្ថយករណីឆ្លងនិងឈឺធ្ងន់ឈានទៅរកការកាត់ផ្តាច់ខ្សែចម្លងនៅក្នុងសហគមន៍។

បន្ថែមពីនេះទៀត លោក ជៀង អំបាន សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក លោកស្រី នៅក្នុងការបំពេញ ការងារឲ្យសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តរតនគិរី លោក ជៀង អំបាន បំពាក់គ្រឿងឥស្សរយយសជូនថ្នាក់ដឹកនាំផងដែរ៕