Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តកំពត នាំយកអំណោយ និងថវិកាជូនមន្រ្តីនគរបាល ប៉ុស្តិ៍ត្រពាំងសង្កែ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចុះល្បាត

04-05-2016 14:00

(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១លានរៀល ជូនមន្រ្តីនគរបាលប៉ុស្តិ៍ត្រពាំងសង្កែ ស្រុកទឹកឈូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីដើមឆ្នាំ២០១៥កន្លងទៅ ខណៈដែលលោកកំពុងចុះល្បាតតាមមូលដ្ឋាន។ អំណោយទាំងនោះ គឺបានមកពីសម្តេចក្រឡាហោម ស ខេង ចំនួន៥០ម៉ឺនរៀល និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ចំនួន៥០ម៉ឺនរៀល។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា លោកព្រិន្ទបាលឯក នាក់ ហ៊ុន មន្ត្រីប៉ុស្តិ៍រដ្ផបាលឃុំត្រពាំងសង្កែ ស្រុកទឹកឈូ បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញការងារនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ខណៈដែលលោកកំពុងចុះបំពេញការងារល្បាត តាមមូលដ្ឋាន ហើយនៅពេលនោះតាំងពីលោកនៅជាស្នងការរងមកម្ល៉េះ។

លោកស្នងការ បានបញ្ជាក់ថា តាមពិតទៅលោកទើបតែទទួលបានព័ត៌មានកាលពីម្សិលមិញទេ តាមរយៈលោកស្រី តំណាងរាស្រ្តខេត្តកំពត អ៊ុន សុគន្ធា នៅពេលនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅទីនោះ។

សម្រាប់មន្រ្តីនគរបាលរូបនេះ លោកស្រីតំណាងរាស្រ្ត បានជួយចេញថ្លៃព្យាបាលទាំងស្រុង ដោយបញ្ជូនទៅមន្ទីរពេទ្យគៀងយ៉ាង ហើយលោកជាស្នងការ នឹងជួយមួយខែ៤០ម៉ឺនរៀល សម្រាប់ការចំណាយផ្សេងៗ ពេលសម្រាកព្យាបាលនៅទីនោះ៕