(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់នគរបាលនារី និងស្រ្តី ដើម្បីឲ្យពួកគេ ក្លាយជាកម្លាំងចលករមួយចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងឱកាសប្រារព្វពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។

លោកស្រីអភិបាលរងខេត្តបានបន្តថា ឆ្នាំ២០២២នេះ គឺជាដំណាក់កាលជាប្រវត្តិសាស្រ្តមួយ សម្រាប់ការលើកកម្ពស់ សមភាព យេនឌ័រនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីសមភាព យេនឌ័រ លើកដំបូង, ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជាឆ្នាំ២០១៨ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើទី៣(២០១៩-២០២៣) ដែលក្រសួងកិច្ចការនារីជាអ្នកដឹកនាំរៀបចំឯសារគោល នយោបាយទាំងបីនេះ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងដែរថា ស្នងការដ្ឋាននគរបាលខេត្ក មានមន្ត្រីក្របខ័ណ្ឌរួមចំនួន ១,៩៧៧នាក់ គិតទាំងក្របខ័ណ្ឌថ្មី ក្នុងនោះនគរបាលនារីមានចំនួន ២៦៤នាក់ ស្មើនឹង១៣% នៅស្នងការដ្ឋាន ១១៥នាក់ នៅអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ មានចំនួន ១៤៩នាក់ ដោយក្រុង-ស្រុក មាន៥៣នាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ៩៦នាក់។

ទន្ទឹមនឹងនេះ ស្នងការដ្ឋានបានជំរុញឲ្យមានសមាសភាពជានារី ឡើងជាថ្នាក់ដឹកនាំនៅតាមការិយាល័យ និងតាមបណ្ដាអធិការដ្ឋាន ដោយបច្ចុប្បន្នមានថ្នាក់ដឹកនាំស្ត្រី ជាស្នងការរង១រូប ដែលទទួលបន្ទុកការងារយ៉េនឌ័រ និងជាប្រធានផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មាននាយការិយាល័យជានារី១រូប មាននាយរងការិយាល័យជានារី ស្ទើរគ្រប់ការិយាល័យជំនាញ និងកំពុងជម្រុញអោយមានគ្រប់ការិយាល័យតែម្តង៕