(ព្រះសីហនុ)៖ ក្មេងស្រីម្នាក់រស់នៅជាមួយជីដូនជីតា ត្រូវពស់ពិសចឹករងរបួសយ៉ាងដំណំ ហើយត្រូវបានជីដូនជីតា បញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។
លោក ឃឹម ឈីវ អាយុ៦០ឆ្នាំ អតីតមន្ត្រីនគរបាលចូលនិវត្តន៍ និងលោកស្រី សយ ស៊ន អាយុ៥៧ឆ្នាំ ដែលជាជីដូនជីតា រស់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា ចៅស្រីរបស់គាត់ដែលរងគ្រោះមានឈ្មោះ ឈីវ ស្រីតន់ អាយុ៤ឆ្នាំ រស់នៅជាមួយនឹងគាត់ ដោយឪពុកម្តាយរបស់គេ បានចាកចោលពីផ្ទះសម្បែង ទៅធ្វើការនៅប្រទេសថៃបាត់ ដំណឹងសូន្យតាំងពី នៅតូចៗម្ល៉េះ ។
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ចៅស្រីរបស់គាត់ បានទៅទិញនំក្នុងសាលា បឋមសិក្សាទំនប់រលកថ្មី ក្នុងឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវពស់ចឹកតែម្តង ។ រហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែល ទើបពួកគាត់បានបញ្ជូនចៅស្រី របស់គាត់មកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីពិនិត្យឃើញស្ថានភាព របួសកាន់តែធ្ងន់ធ្ងរទៅៗ។
លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះថា ស្ថានភាពជំងឺរបស់ ក្មេងស្រីនេះ មានសភាពធូរស្រាលឡើងវិញជាបណ្តើរៗហើយ ដោយក្នុងនោះឈាមដែលហូរ តាមមុខរបួសបានឈប់ហូរចេញមកក្រៅ ទៀតហើយ ដោយឡែកបច្ចុប្បន្នក្រុមគ្រូពេទ្យ កំពុងតាមដានព្យាបាល មុខរបួសជាបន្តទៀត ។
ជីដូនជីតារបស់ក្មេងស្រីរងគ្រោះ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់ផង ត្បិតអីបច្ចុប្បន្ននេះ មានជីវភាពលំបាកខ្លាំងណាស់។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៥ ៣៤៧ ៥៧៩ - លោក សេង ណុង ប្រធានមន្ទីរមន្ទីរពេទ្យបង្អែកខេត្ត៖ ០១៦ ៥២៦ ៥២០៕