(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២៦៣,៧៦០ដុល្លារ ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់តម្លើងបរិក្ខាពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា រវាងលោក ហួត គា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីនេះក៏មានវត្តមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើជាសាក្សីផងដែរ។
តាមរយៈជំនួយឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ដំឡើងបរិក្ខារពេទ្យចំនួន១៧ប្រភេទ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ បរិក្ខារពេទ្យទាំងនោះ នឹងត្រូវបានដំឡើងដើម្បីកែលម្អសមត្ថភាព របស់មន្ទីរពេទ្យក្នុងការផ្តល់ការព្យាបាលវេជ្ជសាស្ត្រដែលមានភាពប្រសើរជាងមុនដល់អ្នកជំងឺ។ បន្ទាប់ពីអនុវត្តគម្រោងនេះ យើងរំពឹងថាអ្នកជំងឺនឹងអាចទទួលបានការព្យាបាលដែលទំនើបជាងមុននៅមន្ទីរពេទ្យ ហើយករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងដែលនៅឆ្ងាយនឹងមានចំនួនតិចជាងមុន។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននឹងកំពុងអនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។
ឯកអគ្គរាជទូតរូបនេះ បានបន្តថា គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៦០ តាមរយៈជំនួយឥតសំណងគូសាណូណិ។ គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជា នៅកម្រិតមូលដ្ឋាន។
ជាមួយគ្នានេះដែរ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា គម្រោងនេះត្រូវបានស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងត្រូវបានពាំនាំតាមរយៈលោកស្រី កាណិតាកិ អេមីកុ ទីប្រឹក្សាច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បរិក្ខារពេទ្យនឹងត្រូវបានដំឡើងនៅក្នុងអគារមួយក្នុងចំណោមអគារថ្មីចំនួនពីរ ដែលនឹងរួមចំណែកក្នុងការដំឡើងកម្រិតមន្ទីរពេទ្យនេះពីកម្រិត CPA1 ទៅ កម្រិត CPA2។ តាមរយៈគម្រោងនេះរំពឹងថាប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះនឹងអាចទទួលបានការព្យាបាលកាន់តែទំនើបជាងមុននៅមន្ទីរពេទ្យ ហើយអ្នកជំងឺនឹងអាចទទួលបានការព្យាបាលទាន់ពេលវេលាខណៈករណីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងដែលនៅឆ្ងាយនឹងមានចំនួនតិចជាងមុន។
ក្រៅពីគម្រោងនេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ក្នុងវិស័យសំណង់។ សមិទ្ធផលដែលបានសហការគ្នាកន្លងមករួមមាន១៖ ការគាំទ្រដល់ការបង្កើតច្បាប់ ស្តីពីសំណង់, ២៖ ការអភិវឌ្ឍ CORS (ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប) នៅកម្ពុជា, ៣៖ ការបង្កើតស្តង់ដារសុវត្ថិភាពសម្រាប់អគារ និងទី៤៖ ការសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យសម្ភារៈសំណង់ជាដើម។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះលោកសង្ឃឹមថាស្ដង់ដារសុវត្ថិភាពនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជានឹងមានភាពប្រសើរឡើង។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិ KUSANONE នៃក្រសួងការបរទេសជប៉ុន ដែលបានសម្រេចផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងជំនួយសម្ភារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ចំនួន១៧មុខ ដែលផ្តោតសំខាន់លើឯកទេសវះកាត់ ដល់អ្នកជំងឺសង្គ្រោះបន្ទាន់ និងមានសភាពជំងឺធ្ងន់ធ្ងរ ដូចជាអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីមានផ្ទៃពោះដែលត្រូវវះកាត់សម្រាលបុត្រជាបន្ទាន់ជាដើម។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា មន្ទីរពេទ្យនេះត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៦។ បច្ចុប្បន្នមន្ទីរពេទ្យមានផ្ទៃដីទំហំ ១៨,២៧១ម៉ែត្រក្រឡា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្តល់សេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសក្នុងគោលបំណងបង្កភាពងាយស្រួលក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ រដ្ឋបាលខេត្តត្បូងឃ្មុំ បានស្នើសុំតម្លើងកម្រិតមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារពីកម្រិត១ (CPA1) ទៅ កម្រិត២ (CPA2) ទៅក្រសួងសុខាភិបាលកាលពីឆ្នាំ២០២១។
តាមរយៈការអភិវឌ្ឍមន្ទីរពេទ្យទៅកម្រិត២ នឹងបម្រើសេវាវះកាត់ជូនដល់ប្រជាពលរដ្ឋចំនួន៤ស្រុក សរុបចំនួនប្រហែល ៤៦៩,៣០៨នាក់ ក្នុងនោះស្ត្រីចំនួន ២៣៩,៤៦៧នាក់។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ កម្រិត២ នឹងជួយសម្រួលបន្ទុកដល់ប្រជាពលរដ្ឋធ្វើដំណើរដោយម៉ូតូទាំងអស់ ដែលតែងតែចំណាយពេលធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ស្រុកឆ្លូង ខេត្តក្រចេះ ចំណាយប្រហែល៤០គីឡូម៉ែត្រ និងមន្ទីរពេទ្យបង្អែកខេត្តកម្រិត៣ ខេត្តកំពង់ចាម ចំណាយប្រហែល ៥៣គីឡូម៉ែត្រ។
បើតាមលោកវេជ្ជបណ្ឌិត ហួត គា បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកក្រូចឆ្មារ ជាចំណុចកណ្តាលមួយ ដែលមានស្រុករដ្ឋបាលចំនួន៣ស្ថិត នៅជុំវិញ ដែលមានប្រជាពលរដ្ឋ ជាង ៤០០,០០០នាក់ ដែលមកទទួលសេវានៅមន្ទីរបង្អែកនេះផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តថា បន្ទាប់ពីទទួលបានសម្ភារបរិក្ខាទាំងអស់នេះ ក្នុងនាមថ្នាក់ដឹកនាំសុខាភិបាលស្រុកក៏ដូចជាគ្រូពេទ្យទាំង អស់សូមប្ដេជ្ញាចិត្តយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងសូមសន្យាគ្រប់គ្រងឱ្យបានល្អ ខិតខំថែរក្សាប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រយោជន៍បានយូរអង្វែង។
ជំនួយឥតសំណងគួសាណូជារបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួក គេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្តគម្រោងគូសាណូព៌ា ចំនួន៦៦៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕