(ឧត្តរមានជ័យ)៖ បន្ទាប់ពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅល្ងាចម្សិលមិញនោះ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ចុះពិនិត្យស្ថានភាពរងគ្រោះរបស់ប្រជាពលរដ្ឋ។
លោក ស ថាវី បានសំដែងការសោកស្តាយខ្លាំងចំពោះហេតុការណ៍ខ្យល់កន្ត្រាក់។ ក្នុងនាមជាអជ្ញាធរខេត្ត លោក ស ថាវី បានប្រកាសថា លោកមិនព្រងើយកន្តើយក្នុងការជួយដល់ប្រជាពលរដ្ឋនោះឡើយ ដោយលោកនឹងដឹកនាំកងកម្លាំងដោយផ្ទាល់ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
ក្រៅពីការពិនិត្យស្ថានភាពរងគ្រោះ និងផលប៉ះពាល់ហើយនោះ លោក ស ថាវី បានផ្តល់ថវិកា ១លាន៥សែនរៀល ដល់កងរាជអាវុធហត្ថស្រុកទិញស័ង្កសីប្រក់ដំបូលផ្ទះដល់គ្រួសារនិវត្តជន និង បានផ្តល់ប្រាក់ឧបត្ថម្ភដល់លោកយាយលោកតានិវត្តជន៣នាក់ក្នុងម្នាក់ ២០ដុល្លា។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ និងសា លារៀនតាមបណ្តាស្រុកមួយចំនួនត្រូវរងការខូចខាត។ ដោយឡែកនៅទីប្រជំជនស្រុកអន្លង់វែង បានរងការខូចខាតច្រើនជាងគេ។
ផ្ទះដែលរលំ និងប៉ើងដំបូលសរុបមានចំនួន ៩៤ខ្នង និងមានបាក់ដើមឈើ បាក់អង់តែនតេអូរនៅរមណីយដ្ឋានផ្ទះតាម៉ុក ហើយក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ផងដែរ៕