(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំណូមពរដល់សមាជិកក្រុមប្រឹក្សារាជធានី ដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយអាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អ និងត្រូវចេះសួរនាំ សំដៅធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។

ការសំណូមពរបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនានេះ ដោយមានការអញ្ជើញចូលរួមពី មាន ចាន់យ៉ាដា តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានីដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អ និងត្រូវចេះសួរនាំ និងស្វែងយល់ពីបញ្ហាណាមួយដែលយើងត្រូវកំណត់ថា បងប្អូនប្រជាពលរដ្ឋយើងត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយតើហេតុអ្វីបានជាមានបងប្អូនខ្លះគាត់មិនព្រមមកទទួលការ ចាក់វ៉ាក់សាំង តើសេវាបំរើនោះយ៉ាងម៉េចដែរដើម្បីយើងទទួលបានពត៏មានជាក់ស្តែងសំរាប់ធ្វើការឆ្លើយតប និងដោះស្រាយអោយទាន់ពេលវេលា។

លោកបន្តទៀតថា «ដើម្បីឲ្យទទួលបានព័ត៌មានពិតជាក់ស្តែង យើងត្រូវចុះទៅឲ្យដល់ផ្ទះប្រជាពលរដ្ឋតែម្តង»

ក្នុងកិច្ចប្រជុំនោះ គណៈអភិបាលរាជធានីភ្នំពេញ បានទទួលយករាល់សំណើ និងសំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ទៅធ្វើការដោះស្រាយ និងកែលំអរក្នុងការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថា បញ្ហាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ យើងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

លោកបន្តថា «មកដល់ពេលនេះ មិនទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថាអ្នកឆ្លងកូវីដ១៩ប្រភេទ Delta រួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង ហើយក៏មិនមានព័ត៌មានណាបញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុងហើយ មិនឆ្លង Delta ទៀតនោះដែរ សំខាន់គឺយើងត្រូវការពារខ្លួនតាមវិធានការ ៣កុំ ៣ការពារ ឲ្យបានម៉ត់ចត់។

ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញលោក កើត ឆែ គូសបញ្ជាក់ថា បញ្ហាសំរាមជាបញ្ហាប្រឈមមួយ តែពេលនេះយើងបានដោះស្រាយបានល្អប្រសើរច្រើន ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមដល់ទៅ៣ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការដោយសន្សឹមៗ ទាំងការរៀបចំទីតាំងចាក់សំរាម ការអប់រំណែនាំពីការញែកសំរាមរវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការផាកពិន័យចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំផងដែរ៕