(សៀមរាប)៖ យុទ្ធនាការសម្អាតបរិស្ថាន អនាម័យ ដើម្បីលើកកម្ពស់សោភ័ណភាព នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានរៀបចំឡើង ដើម្បីត្រៀមទទួលស្វាគមន៍គណៈប្រតិភូជាតិ អន្តរជាតិ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ និងការឆ្លងកាត់ស្រុកអង្គរធំ ឆ្ពោះទៅតាមតំបន់ប្រាសាទនានា និងរមណីយដ្ឋានធម្មជាតិ រដ្ឋបាលស្រុកអង្គរធំ។

ក្នុងឱកាសសម្អាតបរិស្ថាន អនាម័យ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានលើកឡើងថា យុទ្ធនាការបរិស្ថានប្រមូលសម្រាម និងប្លាស្ទិក នៅតាមដងផ្លូវក្នុងទីរួមស្រុក បានឆ្លុះបញ្ចាំងអំពីកិច្ចសហការ និងការយល់ដឹងពីគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹង ឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។

លោកបានបន្តទៀតថា យុទ្ធនាការនេះជាការជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឲ្យចូលរួមសម្អាតបរិស្ថានក្នុងមូលដ្ឋានខ្លួន សំខាន់ចំពោះកាកសំណល់ប្លាស្ទិក និងត្រូវចេះបែងចែកញែកសម្រាមប្លាស្ទិកឲ្យបានត្រឹមត្រូវ និងហាមមិនឲ្យដុតនៅទីកណ្តាលវាល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពនៃការរស់នៅ។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចអ្នកធ្វើដំណើរទាំងឡាយ សូមចូលរួមក្នុងការសម្អាតបរិស្ថាន នៅតាមលំនៅដ្ឋាន ដងផ្លូវសាធារណៈ ដើមី្បជាការលើកកម្ពស់សោភណ្ឌភាព បរិស្ថាន អនាម័យ ក្នុងស្រុកអង្គរធំ ក៏ដូចសង្គមជាតិទាំងមូល និងសូមឲ្យចេះរៀបចំទុកដាក់ គ្រប់គ្រងសម្រាមឲ្យបានល្អ កុំបោះចោលពាសវាលពាសកាល ដែលបង្កភាពអាណាធិបតេយ្យ ដូចជាការប្រល័យសុខភាព និងអាយុជីវិតរបស់ខ្លួនផងដែរ។ ព្រមទាំងមានការបែងចែកក្រុម ចុះធ្វើអនាម័យ បរិស្ថាន នៅតាមដងផ្លូវនានា ក្នុងទីរួមស្រុកអង្គរធំផងដែរ៕