(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ មាន ខេត្ត-រាជធានី ចំនួន១៩ ក្នុងចំនោម២៥ ខេត្ត-រាជធានី នៅទូទាំងប្រទេសមានភ្លៀងធ្លាក់។
ខេត្ត-រាជធានី ដែលមានភ្លៀងធ្លាក់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ តាកែវ កំពត កែប កោះកុង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង រាជធានីភ្នំពេញ។
ចំណែក ខេត្ត-រាជធានី ដែលមិនមានភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញ រួមមាន ខេត្ត កណ្តាល កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ កំពង់ចាម ត្បួងឃ្មុំ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៦ ដោយបញ្ជាក់ថា រយៈពេល៩ថ្ងៃនេះ កម្ពុជា មានសីតុណ្ហភាព ចាប់ពី ៣៤ ដល់ ៤០អង្សាសេ និងតាមខេត្តរាជធានី មានភ្លៀងធ្លាក់ ផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៤ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៦៕