(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបម្រើសេវារដ្ឋបាលសេវាសាធារណៈអោយបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។

លោកអភិបាលខេត្តបានធ្វើការណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកុម្ភះ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាលដោយមាមវត្តមានមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផងដែរ។

ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ លោកអភិបាលខេត្តបាន ស្នើឲ្យគ្រប់បណ្ដាក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំពង្រឹងយន្តការភូមិឃុំមានសុវត្ថិភាពកាន់តែមាន ប្រសិទ្ធភាពខ្ពស់ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាអោយបានស្អិតរមួត ខិតខំធ្វើការងារអោយបានសកម្ម ដើម្បីបទល្មើសនានាមានការថយចុះ។

ក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខេត្ត បានថ្លែងការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រាយបទល្មើសនានាទទួលបានលទ្ធផល យ៉ាងល្អប្រសើរ អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹងនាំអោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋានត្រូវបំផុសឲ្យប្រជាពលរដ្ឋចូលរួមអនុវត្ត វិធានអនាម័យតាមការការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរពាក់ព័ន្ធត្រូវគិតគូរពីបញ្ហាសម្រាមដោយត្រូវណែនាំដល់បងប្អូនកម្មករក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចូលរួមសហការដោយប្តូរឥរិយាបថ ពីការបោះសម្រាមពាសវាលពាសកាល មកបោះចោលសម្រាមចូល ក្នុងធុងសម្រាម និងទុកដាក់សម្រាមបានត្រឹមត្រូវ ដើម្បីធ្វើខេត្តរបស់យើងមានសោភណ្ឌភាពស្អាត និងមានបរិស្ថានល្អជានិច្ច៕