(ព្រះវិហារ)៖ ប្រជាសហគមន៍កសិកម្ម «រំដួលម្លូរព្រៃជាយដែន» ស្ថិតក្នុងឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានការសប្បាយចិត្តបន្ទាប់ពីពួកគាត់លក់ស្រូវ ដំឡូងមី របស់ពួកគាត់បានតម្លៃល្អ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែនអាណត្តិថ្មី នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានថ្លែងចូលរួមអបអរសារទរ ដោយក្តីរីករាយចំពោះតម្លៃ ស្រូវ ដំឡូងមី ដែលប្រជាសហគមន៍ទទួលបានសមរម្យតាមរយះការអនុវត្តកសិកម្មតាមកិច្ចសន្យាកាលពីឆ្នាំ២០២១។

លោកប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងបញ្ជាក់ថា សហគមន៍កសិកម្មម្លូរព្រៃជាយដែន មានសមាជិកសរុប២៦២នាក់ ក្នុងនោះស្រីមានចំនួន១៥៤នាក់ មកពីភូមិចំនួន០៣រួមមាន៖ ភូមិក្តុរ ភូមិម្លូព្រៃ ភូមិពោធិទាប នៃឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងឆ្នាំ២០២១កន្លងមក សហគមន៍មានមុខរបរសំខាន់ដូចជា៖

*ទី១៖ ចុះកិចសន្យាទិញ-លក់ស្រូវសរីរាង្គជាមួយក្រុមហ៊ុន AMRU Rice
*ទី២៖ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីសរីរាង្គជាមួយក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC.
*ទី៣៖ ផ្តល់ឥណទានសាច់ប្រាក់ដល់សមាជិកសហគមន៏
*ទី៤៖ លក់ធាតុចូលកសិកម្ម។

លោក ពឹង ទ្រីដា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុប៤៣សហគមន៍ ដែលបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្មខេត្តព្រះវិហារ។ ក្នុងនោះដែរមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម និងធ្វើរបរទីផ្សារស្រូវ និងដំឡូងមីសរីរាង្គ និងបានអនុវត្តកសិកម្មតាមកិច្ចសន្យាក្នុងការទិញលក់ ស្រូវនិងដំឡូងមីសរីរាង្គជាមួយក្រុមហ៊ុនឯកជន ដែលទទយលបានជោគជ័យគួរឲ្យកត់សម្គាល់៕