(ភ្នំពេញ)៖ បន្ទាប់ពីការចំណាយពេលសិក្សាអស់រយៈពេលជាយូរពីបញ្ហាប្រឈមដែលនាំឱ្យត្រីបឹងទន្លេសាប ត្រូវបានបាត់បង់ពីមួយឆ្នាំទៅមួយឆ្នាំនោះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានចំណាត់ការទប់ស្កាត់បទល្មើសទាំងឡាយនៅលើបឹងទន្លេសាបឱ្យទាន់ពេលវេលាទេនោះ យ៉ាងយូរត្រឹមតែពីរឆ្នាំទៀតប៉ុណ្ណោះ ត្រីក្នុងបឹងទន្លេសាបនឹងត្រូវរលាយគ្មានសល់។

បឹងទន្លេសាប ត្រូវបានល្បីសាយសុះទៅកាន់ពិភពលោកថា ជាបឹងដែលសម្បូរធនធានចម្រុះ ជាពិសេសត្រូវបានប្រសិទ្ធនាមថាជាជង្រុកត្រីរបស់កម្ពុជាថែមទៀតផង។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីនៅក្នុងបឹងត្រូវបានថមថយចុះគួរឱ្យព្រួយបារម្ភ។ ជុំវិញការថមថយត្រីក្នុងបឹងទន្លេសាបនេះ ក្រុមមន្ត្រីជំនាញហាក់មិនបានបង្ហាញពីបញ្ហា និងដំណោះស្រាយនោះឡើយ ពួកគេបានត្រឹមលើកឡើងថា ត្រីកើតមិនទាន់មនុស្សហូបប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋបានកើតច្រើន។

បន្ទាប់ពីការចុះសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ខ្ពស់ក្រោមស្មារតីភ័យព្រួយជង្រុកត្រីកម្ពុជាត្រូវរលាយសាបសូន្យនោះ លោកបណ្ឌិត សុខ ទូច បានរកឃើញថា មូលហេតុដែលនាំឱ្យត្រីក្នុងបឹងទន្លេសាបថយចុះ មិនមែនដោយសារកំណើនមនុស្សបរិភោគដូចមន្ត្រីជំនាញលើកឡើងនោះឡើយ។

បើតាមលោកបណ្ឌិត សុខ ទូច មានហេតុផលធំៗមួយចំនួន ដែលនាំឱ្យត្រីបឹងទន្លេសាបត្រូវធ្លាក់ចុះមានដូចជា របបទឹកបឹងទន្លេសាបបានប្រែប្រួលដោយសារទឹកទន្លេមេគង្គធ្លាក់ចុះខ្លាំង និងបរិមាណទឹកភ្លៀងកាន់តែតិច ធ្វើឱ្យធាទឹកបឹងទន្លេសាបកាន់តូច និងរាក់, ការកាប់បំផ្លាញ់ព្រៃលិចវាតទីយកដីតំបន់អភិរក្សាទៅធ្វើស្រែបាញ់ថ្នាំពុល នាំឱ្យពុលដល់ត្រី និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់សំណាញ់ក្រឡាញឹក ព្រមទាំងការប្រើឧបករណ៍ឆក់ជាដើម។

បញ្ហាដែលកាន់តែធំថែមទៀតនោះ គឺការបើកដៃពីមន្ត្រីមានសមត្ថកិច្ចឱ្យក្រុមនេសាទល្មើសច្បាប់។ លោកបណ្ឌិត សុខ ទូច ឱ្យរហស្សនាមមន្ត្រីខិលខូចនេះទេ «ឥន្ទ្រីស៊ីកំពិស»

សម្រាប់លោកបណ្ឌិត សុខ ទូច កត្តាទាំងអស់នេះ គឺជាមូលហេតុសំខាន់បំផុត ដែលនាំឱ្យត្រីក្នុងបឹងទន្លេសាបត្រូវហិនហោច។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំធានាបើទប់មិនទាន់ ពីរឆ្នាំទៀត គឺអស់តែម្តង»

ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបទល្មើសទាំងអស់នេះ លោកបណ្ឌិត សុខ ទូច និងក្រុមការងារត្រូវដេកកណ្តាលទន្លេ ហើយប្រឈមមុខនឹងមន្ត្រីខិលខូចដែលកាងបទល្មើស និងក្រុមនេសាទល្មើសច្បាប់ផងដែរ។ លោក សុខ ទូច បានអះអាងប្រតិបត្តិការសង្គ្រោះបឹងទន្លេសាបនេះ ជាបញ្ហាប្រឈម និងគំរាមកំហែងដ៏ធំសម្រាប់ជីវិតរបស់លោក។

លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំដឹងថា ខ្ញុំគ្រោះថ្នាក់។ ខ្ញុំដឹងថា ខ្ញុំបញ្ហា។ ខ្ញុំធ្វើមិនមែនដើម្បីខ្ញុំទេ ខ្ញុំមានប្រាក់ខែគ្រប់គ្រាន់ តែសម្រាប់ចៅរបស់ខ្ញុំ សម្រាប់កូនរបស់ខ្ញុំ ចៅទួតរបស់ខ្ញុំ ដែលមានឈាមជ័រជាខ្មែរ។ គេរស់នៅលើទឹកដីខ្មែរ តើឱ្យគេរស់បែបម៉េច បើយើងមិនព្រមធ្វើកិច្ចការនេះ»

លោក សុខ ទូច បានលើកបង្ហាញនូវដំណោះស្រាយដែលត្រូវរួមគ្នាធ្វើ ដើម្បីការពារធនធានក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មហាសាលរបស់កម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត សុខ ទូច ដើម្បីការពារមច្ឆជាតិក្នុងបឹងទន្លេសាប មាន៤ដំណាក់កាលរួមមានការដកដីព្រៃតំបន់អភិរក្ស ដែលជាតំបន់ព្រៃលិចទឹកសម្រាប់ជម្រកត្រីពងកូន, ឈប់ឱ្យធ្វើស្រែបាញ់ថ្នាំ ព្រោះធ្វើឱ្យពុលត្រី, បញ្ឈប់ឱ្យអស់ការនេសាទល្មើសច្បាប់ និងបញ្ឈប់ការកាប់ព្រៃលិចទឹក។

លោក សុខ ទូច ក៏ចង់ឱ្យមានការរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យចោលសំរាម និងថង់ប្លាស្ទិក ដែលនាំឱ្យបំផ្លាញបរិស្ថាន និងគុណភាពទឹកបឹងទន្លេសាប។ បន្ថែមពីលើនោះ ដើម្បីរក្សាទឹកក្នុងបឹងទន្លេសាប ឱ្យស្ថិតក្នុងកម្រិតខ្ពស់កុំឱ្យគោករាក់ដូចពេលបច្ចុប្បន្ន លោកបណ្ឌិត សុខ ទូច ចង់មានការសាងស់ទ្វារទឹក ដើម្បីទប់ទឹកហូរចេញពីទន្លេសាប គ្រាដែលកម្រិតទឹកទន្លេមេគង្គទាបកាន់តែខ្លាំង។ សម្រាប់លោកបណ្ឌិត សុខ ទូច ការទ្វារទឹកនេះ ក៏នឹងរួមចំណែករក្សាទឹកនៅតាមស្ទឹងនានា ដែលហូរចាក់ចូលបឹងទន្លេសាបផងដែរ។

ពាក់ព័ន្ធការបង្ក្រាបបទល្មើសនេសាទនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានកែសម្រួលតួនាទីភារកិច្ចការងាររបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីជលផល ឱ្យស្ថិតក្រោមការគ្រប់គ្រងគណៈបញ្ជាការឯកភាពខេត្តនីមួយៗ ដើម្បីឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសមានភាពងាយស្រួល និងមានប្រសិទ្ធភាព។ បើទោះបីសម្តេចនាយករដ្ឋមន្ត្រី បានប្រឹងប្រែងកែសម្រួលបែបនេះក្តី តែស្មារតីនៃការបង្ក្រាបបទល្មើសរបស់រដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបនៅតែសោះអង្គើយ បណ្តោយឱ្យបទល្មើសកើតមានពេញបន្ទុកដដែល៕