(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា ឱសថ Molnupiravir ដែលក្រសួងផ្ដល់បញ្ជិកានោះ គឺប្រើប្រាស់សម្រាប់តែអ្នកដែលវិជ្ជមានជំងឺកូវីដ១៩ប៉ុណ្ណោះ ហើយមិនអាចប្រើដើម្បីការពារកុំឲ្យឆ្លងបានឡើយ។

ការចេញមកបញ្ជាក់ជាថ្មីរបស់មន្ដ្រីជំនាញសុខាភិបាលរូបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីមានការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលថាលេបថ្នាំនេះមុនដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ដែលជារឿងមួយខុសឆ្គង និងនាំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នៅថ្ងៃខាងមុខ ដោយយើងមិនអាចដឹងមុននោះទេ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបែបនេះថា «ឱសថ Molnupiravir គឺជាឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មិនមែនជាប្រភេទឱសថលេបការពារកុំឲ្យឈឺ កូវីដ១៩នោះទេ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ទៅលើចំណុចនេះ។ ហើយអ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅពេលនេះ នៅពេលដែលបងប្អូនធ្វើតេស្ដរហ័ស ហើយឃើញវិជ្ជមានកូវីដ១៩ អញ្ចឹងនៅពេលនោះទើបបងប្អូនចាំផ្ដើមពិសារឱសថនេះ ដើម្បីជួយដល់ការព្យាបាល កុំឲ្យវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរ និងឆាប់ជាសះស្បើយផងដែរ»

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំពោះការប្រើប្រាស់ឱសថនេះដើម្បីការពារខ្លួននោះ វាមិនបានជួយអ្វីដល់យើងនោះទេ ប្រសិនបើយើងមិនទាន់ឆ្លងជំងឺកូវីដ១៩ទេនោះ។ លោកស្រីថា ការដែលមិនឆ្លងជំងឺកូវីដ១៩ មិនមែនដោយសារបងប្អូនពិសារថ្នាំនេះឡើយ គឺដោយសារការអនុវត្តតាមត្រឹមត្រូវនូវវិធានសុខាភិបាល បូកជាមួយវ៉ាក់សាំង ផ្ទុយទៅវិញបើគ្រាន់តែពិសារថ្នាំនេះ ហើយមិនការពារខ្លួន គឺលទ្ធភាពនៅតែឆ្លងដដែល។

ក្រៅពីការប្រើប្រាស់ ឱសថ Molnupiravir ដែលអាចព្យាបាលជំងឺកូវីដ១៩បានហើយនោះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា ឱសថបុរាណចិន ក៏នៅតែអាចប្រើប្រាស់បានដើម្បីព្យាបាលជំងឺកូវីដ១៩ បានដូចគ្នាដែរ។ ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់បាននូវឱសថពីរប្រភេទនេះ ជាមួយនឹងឱសថផ្សេងៗ ដើម្បីព្យាបាលជំងឺកូវីដ១៩ ប៉ុន្ដែទាមទារឲ្យមានការប្រឹក្សាឲ្យបានច្បាស់លាស់ជាមួយគ្រូពេទ្យជំនាញ។

ពាក់ព័ន្ធ ឱសថ Molnupiravir នេះត្រូវបានលោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកដំណើរការរោងចក្រដើម្បីផលិតនៅក្នុងប្រទេសកម្ពុជាតែម្ដង សំដៅសម្រួលចរាចរណ៍នៃឱសថ និងឲ្យតម្លៃឱសថនេះធ្លាក់ចុះមួយកម្រិតបន្ថែមទៀត។ ក្រៅពីនេះក្រសួងសុខាភិបាល ក៏បានផ្ដល់បញ្ជិកាអនុញ្ញាតឲ្យនាំចូលឱសថប្រភេទនេះផងដែរ ពីក្រៅប្រទេសផងដែរ ដែលប្រជាពលរដ្ឋអាចទៅស្វែងរកទិញបាននៅតាមឱសថស្ថានស្របច្បាប់ក្នុងប្រទេសកម្ពុជា។

ក្នុងន័យនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះតម្រូវការ ឱសថ Molnupiravir នេះ៕