(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បានប្រកាសឲ្យដឹងថា កំពង់ផែក្រុងព្រះសីហនុនឹងបញ្ចុះតម្លៃសេវាលើកដាក់ទំនិញប្រមាណ ១០ភាគរយ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះតទៅ។
ការបញ្ចុះតម្លៃនេះ បានធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចំណូលប្រចាំឆ្នាំរបស់ខ្លួនប្រមាណជា ១,២លានដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់លោក ថៃ ឫទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបន្ទុកអាជីវកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា បានឲ្យដឹងថា ក្រោយបញ្ចុះតម្លៃ ១០ភាគរយ ការលើកដាក់កុងតឺន័រមានទំនិញចំណុះ ២០ហ្វីត តម្លៃ ៦៣ដុល្លារ ហើយចំណុះ ៤០-៤៥ហ្វីត តម្លៃ ៩៦ដុល្លារ ក្នុងមួយកុងតឺន័រ នេះជាតម្លៃសម្រាប់ការនាំចូល។ ដោយឡែកការនាំចេញវិញ កុងតឺន័រមានទំនិញ ចំណុះ ២០ហ្វីត តម្លៃ ២២ដុល្លារ ហើយចំណុះ ៤០-៤៥ហ្វីត តម្លៃ ១៧ដុល្លារ សម្រាប់កុងតឺន័រអត់ផ្ទុកទំនិញ មិនយកថ្លៃនោះឡើយ។
លោក ថៃ ឫទ្ធី បានឲ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ បានធ្វើឲ្យប៉ះពាល់តិចតួចដល់កំពង់ផែ តែវាក៏នឹងក្លាយជាការស្រូបទាញការ ទំនិញមកឆ្លងកាត់តាមកំពង់ផែនេះវិញផងដែរ។ ជាពិសេសលោករំពឹងថា ការបញ្ចុះតម្លៃនេះ នឹងផ្តល់ប្រយោជន៍ច្រើនដល់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសម្ចាស់រោងចក្រសហគ្រាសនានានៅកម្ពុជា។
លោក ថៃ ឫទ្ធី បានថ្លែងយ៉ាងដូច្នេះ «បញ្ចុះតម្លៃ ១០ភាគរយនេះ អ្នកដែលទទួលបានផលពីនេះ គឺអតិថិជន ឬអ្នកប្រើប្រាស់ផែក្នុងស្រុក ក្នុងនោះរួមមានក្រុមហ៊ុនដឹកជញ្ជូន អ្នកបញ្ជូនទំនិញ រោងចក្រ សហគ្រាសទាំងឡាយ ដែលលោកនឹងបានអត្ថប្រយោជន៍អំពីការបញ្ចុះតម្លៃនេះ។ យើងបញ្ចុះតម្លៃឡូឡូនេះ យើងនឹងបាត់បង់ជាង ១លាន ២សែនដុល្លារ ហើយបងប្អូនកម្មករលោកប៉ះតិចទេ ប៉ុន្តែអ្វីដែលយើងបានត្រឡប់មកវិញ យើងសង្ឃឹមថា ការអនុគ្រោះតម្លៃនេះ គឺជាជួយដល់អ្នកប្រើប្រាស់ ក៏ដូចជាការជួយដល់ខ្លួនឯង ដើម្បីឲ្យអតិថិជនសប្បាយចិត្ត ខំផលិតនាំចេញទៅទីផ្សារអន្តរជាតិ។ កំពង់ផែបញ្ចុះតម្លៃ យើងទទួលបានកុងតឺន័រនាំចេញនាំចូលច្រើន យើងនឹងបានចំណូលច្រើនដូចគ្នា»។
លោក ថៃ ឫទ្ធី បានហៅការបញ្ចុះតម្លៃនេះថា ជាការបង្កើនការប្រកួតប្រជែងមួយជាមួយកំពង់ផែរបស់ប្រទេសជិតខាង ដែលអាចធ្វើឲ្យនាវាដឹកទំនិញនឹងពិចារណាចូលចតនៅកំពង់ផែរបស់កម្ពុជា។
សូមបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ។ កំពង់ផែដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៦០ ដោយមានទំហំ ២៩០ម៉ែត្រ គុណនិង ២៨ម៉ែត្រ អាចឲ្យនាវាចូលចតជម្រៅ ៨,៥ម៉ែត្រ។ ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម និងការឆ្លងកាត់ទំនិញនោះ នៅឆ្នាំ១៩៦៧ រាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានសាងសង់ផែថ្មថ្មីមួយទៀតទំហំ ៣៥០ម៉ែត្រ មានជម្រៅប្រមាណ ៨,៥ម៉ែត្រ។
សម្រាប់ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ជាពេលវេលា ដែលកម្ពុជាធ្លាក់ក្នុងអន្លង់សង្រ្គាមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនបានធ្វើសកម្មភាពអ្វីនោះឡើយ។
កុងតឺន័រដឹកទំនិញចាប់ផ្តើមចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឡើងវិញនៅឆ្នាំ១៩៩២ ហើយសកម្មភាពលើកដាក់ទំនិញ បានចាប់ផ្តើមមមាញឹកខ្លាំងចាប់ពីឆ្នាំ១៩៩៨ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់នូវអង្គការចាត់តាំងរបស់ខ្មែរក្រហម ។
បើតាមលោក ថៃ ឫទ្ធី ចប្ចុប្បន្នេះ កំពង់ផែក្រុងព្រះសីហនុ ទទួលបានទំនិញជិត ៥០០០កុងតឺន័រ ក្នុងមួយសប្តាហ៍ ហើយមាននាវា សម្រាប់បម្រើសេវាដឹកជញ្ជូនប្រមាណ ១០០នាវា។ ទំនិញនាំចូលកម្ពុជាផ្នែកឧស្សាហកម្មកាត់ដេរ និងស្បែកជើងភាគច្រើនមកពីប្រទេសចិន ហើយការនាំចូលគ្រឿងចក្រ និងរថយន្តមកពីកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុប។
សម្រាប់ការនាំចេញវិញ សម្លៀកបំពាក់ និងស្បែកជើង ភាគច្រើនាំទៅប្រទេសអាមេរិក រីឯអង្ករវិញភាគច្រើននាំចេញទៅប្រទេសតំបន់អឺរ៉ុប។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថៃ ឫទ្ធី។
លោក ថៃ ឫទ្ធី ក៏បានឲ្យដឹងផងដែរថា ដើម្បីឆ្លើយតបកំណើនពាណិជ្ជកម្មរបស់កម្ពុជា បច្ចុប្បន្ននេះ កំពង់ផែក្រុងព្រះសីហនុ កំពុងសាងសង់កំពង់ផែពហុបំណងបន្ថែមទៀត ដែលមួយចំហៀងបម្រើដល់ការលើកដាក់ទំនិញមានទំហំ ៣៣០ម៉ែត្រ និងមានជម្រៅ ១៣,៥ម៉ែត្រ និងមួយចំហៀងទៀត សម្រាប់បម្រើការរុករកប្រេងនៅក្នុងដែនសមុទ្រកម្ពុជា មានទំហំ ២០០ម៉ែត្រ មានជម្រៅ ៧,៥ម៉ែត្រ។ កំពង់ផែនេះអាចនឹងសាងសង់បញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០១៧។
បើតាមលោក ថៃ ឫទ្ធី បច្ចុប្បន្នទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បានកើនឡើងជាង ១០ភាគរយជារៀងរាល់ឆ្នាំ។ បើតាមកំណើននេះ កំពង់ផែអាចនឹងអស់សមត្ថភាពទទួលទំនិញនៅឆ្នាំ២០១៩។
បើទោះបីជាយ៉ាងឆ្លើយតបកំណើនទំនិញនេះ កំពុងផែ ក៏បាននិងកំពុងសិក្សាសាងសង់ផែបន្ថែមទៀត ដែលមានទំហំធំ និងមានជម្រៅរហូតដល់ ១៤ម៉ែត្រ៕