(ភ្នំពេញ)៖ ការដំឡើងពន្ធទៅលើផលិតផល ដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផលថ្នាំជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះវានឹងធ្វើឱ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងក្រាស់ក្រែល គឺមិនត្រឹមតែទទួលបានចំណូលពន្ធរដ្ឋបន្ថែមប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាយលើសុខភាព និងធ្វើឱ្យអ្នក ឈប់ជក់បារី មានសុខភាព និងផលិតភាពការងារ ល្អប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្តមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជា ពលរដ្ឋប្រមាណ១៥០០០នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារីក្នុងមួយឆ្នាំៗ។

ក្រៅពីធ្វើឱ្យជីវិតប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចគិតជាថវិកាប្រមាណ ២.៧ទ្រីលានរៀល ស្មើនឹង ៦៦៣លានដុល្លារ សហរដ្ឋអាមេរិក ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។ អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្ន គឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់មានតម្លៃតិចជាង១ដុល្លារសហរដ្ឋ ធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍៖