Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំហឹងដល់ក! បុរសលក់ធុរេនម្នាក់ ដេញកាប់សន្តិសុខសណ្ដាប់ធ្នាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

04-05-2016 12:02

(ភ្នំពេញ)៖ បុរសអ្នកលក់ធុរេនម្នាក់ បានយកកាំបិតដេញកាប់ កម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ ពេលចុះរៀបចំសណ្តាប់ធ្នាប់តាម ចិញ្ចើមផ្លូវ   ត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងបាននាំមកអប់រំ នៅព្រឹកម៉ោង៩ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កខាងលើមានឈ្មោះ ផេន ម៉េង អាយុ៤៣ឆ្នាំ មុខរបរលក់ធុរេន ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា «មុនពេលកើតហេតុ កម្លាំងសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ឱ្យក្រុមអ្នកលក់ដូរថយទៅក្រោយ ដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ស្រាប់តែបុរសលក់ធុរេនម្នាក់នេះ បានទាញកូនកាំបិតបម្រុង នឹងចាក់លើសន្តិសុខ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនទាន់ ដោយបានបង្កការភ្ញាក់ផ្អើលពេញផ្សារ»។

ក្រោយពីបានឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំជនបង្កយកទៅអប់រំ នៅប៉ុស្តិ៍សង្កាត់ចោមចៅ ហើយក៏បានដោះលែងវិញ ព្រោះជនបង្ក មិនបានធ្វើឱ្យមានរបួសស្នាមអ្វីទេ៕