(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការសម្រេចឲ្យពន្យារកាលបរិច្ឆេទ កំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល០២ឆ្នាំបន្តទៀត។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាស្ថាប័នឯកជនតំណាងឲ្យវិស័យអចលនទ្រព្យទាំងអស់ មានកិត្តិយសសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវចំណារឯកភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល០២ឆ្នាំបន្តទៀត តាមរយៈលិខិតលេខ៤៥៧៧ អពដ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធ» នេះ។

អ្នកឧញ៉ាលើកឡើងថា ការពន្យារកាលបរិច្ឆេទពន្ធលើចំណេញមូលធន គឺជាវិធានការយ៉ាងយកចិត្តទុកដាក់បំផុត របស់រាជរដ្ឋាភិបាលមកលើធុរជនទាំងអស់ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមអនុវត្ត «ក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីស្តារកំណើន សេដ្ឋកិច្ចកម្ពុជា និងជំរុញការវិនិយោគ ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល»

អ្នកឧកញ៉ាបន្ថែមថា «ដើម្បីជាកិច្ចតបស្នងសងគុណនូវគុណូបការៈដ៏ធំធេងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការសម្រេចដ៏ខ្ពង់ខ្ពស់នេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងត្រៀមខ្លួនគោរពតាមគោលនយោបាយការប្រមូលពន្ធដារ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព»

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការពន្យារអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ដំណាច់ឆ្នាំ២០២៣។ ដោយពន្ធនេះត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕