(ភ្នំពេញ)៖ បច្ចុប្បន្ននេះជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បានឆ្លងជាបន្ដបន្ទាប់ក្នុងសហគមន៍នៃប្រទេសកម្ពុជា ក្នុងរង្វង់រយនាក់ជារៀងរាល់ថ្ងៃ។ កូវីដ១៩ ប្រភេទអូមីក្រុង ជាប្រភេទដែលចម្លងលឿនពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ បើទោះបីការវាយលុកក្នុងរាងកាយមិនធ្ងន់ធ្ងរដូចប្រភេទមុនៗក្ដី។

មន្ដ្រីជំនាញសុខាភិបាលកម្ពុជា បានមើលឃើញថា សន្ទុះនៃការឆ្លងជំងឹកូវីដ១៩ ប្រភេទអូមីក្រុង មិនទាន់មានសញ្ញាថមថយណាមួយនោះទេ។ ផ្ទុយទៅវិញ វានឹងហក់ឡើងកាន់តែខ្ពស់ ក្នុងករណីដែលប្រជាពលរដ្ឋខ្វះស្មារតីក្នុងការរួមគ្នាទប់ស្កាត់ការចម្លង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានមើលឃើញថា ក្នុងករណីដែលប្រជាពលរដ្ឋមិនបន្ដរួមគ្នាចូលរួមទប់ស្កាត់ទេនោះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នឹងបន្ដកើនឡើងជាបន្ដបន្ទាប់។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់បែបនេះថា «តាមការពិនិត្យជារួម នៅពេលបច្ចុប្បន្ននេះមិនទាន់មានសញ្ញាណាដែលថា ជំងឹកូវីដ១៩ធូរស្រាលថមថយនោះទេ។ ជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាលបានចេញនូវរបាយការណ៍របស់ខ្លួននេះ គឺយើងឃើញរាប់រយជារៀងរាល់ថ្ងៃ ដូច្នេះនេះជាចំណុចមួយដែលខ្ញុំសូមឲ្យបងប្អូនទាំងអស់ បន្ដយកចិត្តទុកដាក់ឲ្យបានម្មត់ចត់មែនទែន ដើម្បីជៀសវាងកុំឲ្យមានការចម្លងចេញពីបុគ្គលមួយ ទៅបុគ្គលមួយទៀត»

ក្នុងន័យនេះ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋមិនមានការប្រុងប្រយ័ត្នទេនោះ ច្បាស់ណាស់តួលេខអ្នកឆ្លងជំងឺកូវីដ១៩ នឹងឡើងពី៣ខ្ទង់ ទៅ៤ខ្ទង់ ឬឈានកាន់តែខ្ពស់ជាងនេះទៅទៀត។ លោកស្រីបានបន្ដថា នៅពេលនេះ យើងមិនអាចលុបបំបាត់អូមីក្រុង ឲ្យបាត់សូន្យនោះទេ ប៉ុន្ដែអ្វីដែលយើងអាចធ្វើបាន គឺរួមគ្នាទប់ស្កាត់ល្បឿន នៃការចម្លង កុំឲ្យមានការកើនឡើងនៃចំនួនអ្នកឆ្លង ដែលនេះជាចំណុចដែលត្រូវរួមគ្នាអនុវត្ត។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា វិធានការដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» នៅតែមានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់ និងបន្ថយល្បឿននៃការចម្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនេះដែរ។ បន្ថែមពីនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏នៅតែជាចំណុចដ៏ក្ដៅគគុកនៅពេលនេះ។

ត្រង់ចំណុចនេះ មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានពន្យល់ទៀតថា សម្រាប់ប្រជាពលរដ្ឋដែលកំពុងឆ្លង ឬបានឆ្លងជំងឺកូវីដ១៩នោះ មិនទាន់ចាំបាច់ទៅទទួលយកនូវការចាក់វ៉ាក់សាំងដូសជំរុញនោះទេ ពោលសម្រាប់អ្នកដែលបានឆ្លងចាប់ពី៤ខែឡើងទៅ ទើបត្រូវចាក់វ៉ាក់សាំងដូសជំរុញឡើងវិញ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់ដូសទី៣ ឬដូសជំរុញនេះ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ក៏បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី០៩ ខែមីនាម្សិលមិញ ករណីអូមីក្រុងឆ្លងចូលក្នុងសហគមន៍ ប្រទេសកម្ពុជា មានសរុបចំនួន១១,៩១២នាក់៕