(កាណាដា)៖ ភ្លើងឆេះព្រៃដ៏អាក្រក់មួយ បាននិងកំពុងរីករាលដាលខ្លាំងនៅភាគខាងត្បូង ប្រទេសកាណាដា ក្បែរព្រំដែនជាមួយនឹងសហរដ្ឋអាមេរិក ដែលអាជ្ញាធរបានធ្វើការជម្លៀស ប្រជាជនទាំងអស់ ៦០,០០០នាក់ចេញពីទីក្រុង Fort MaMurray តែម្តង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។
ភ្លើងឆេះព្រៃ ដែលបានបង្កើនឥទ្ធិពលខ្លាំងសម្បើមកាលពីថ្ងៃទី០៣ ខែឧសភា មកនោះបានលេប ត្របាក់លំនៅឋានប្រជាជនរាប់សិបខ្នងរួចទៅហើយ ក្នុងខេត្ត Alberta។ ដោយឡែកផ្លូវថ្នល់នានា ក្នុងតំបន់កើតហេតុ ក៏ពិបាកនៅក្នុងការធ្វើដំណើរផងដែរ ក៏ព្រោះតែកម្ទេចកម្ទីផេះដែលរសាត់ ចេញពីព្រៃដែលត្រូវភ្លើងឆាបឆេះនោះ បានធ្លាក់រាយប៉ាយពាសពេញផ្លូវតែម្តង។
យ៉ាងណាក៏ដោយ ការជម្លៀសប្រជាជនទាំងអស់តែម្តងចេញពីទីក្រុង Fort McMurray របស់ខេត្ត Alberta នោះ គឺមិនធ្លាប់កើតមាននោះទេ ក្នុងប្រវត្តិសាស្ត្រកាណាដា។ មកដល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យ ខ្នាតធំរបស់កាណាដា កំពុងតែសស្រាក់សស្រាំខ្លាំងបំផុត ក្នុងការពន្លត់ភ្លើងនៅឡើយ ខណៈដែលមនុស្សស្លាប់ និងរបួស ប៉ុន្មាននាក់នោះ នៅមិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់នោះឡើយ៕