(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិភ្លើងឆេះរទេះ ខាងលិចចំនួន១១៥គ្រួសារ កំពុងតែប្រឈម និងការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ប៉ុន្តែ ត្រូវបានសាលាខណ្ឌពោធិ៍សែនជ័យ បានដឹកជញ្ជូនទឹកចំនួន១១៥ប៊ីដុង យកទៅចែកជូនផងដែរ ដើម្បីបានប្រើប្រាស់ជា បណ្តោះអាសន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការ សប្បាយចិត្តយ៉ាងខ្លាំង។
ការអញ្ជើញចុះទៅចែកនេះធ្វើឡើង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញចុះចែកដោយលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរង សេង គន្ធ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបផងដែរ ។
ក្នុងពិធីចែកទឹកនោះលោក ហែម ដារិទ្ធិ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ហើយបានចែកទឹក ជូនពួកគាត់ក្នុង១គ្រួសារ ទទួលបានទឹកចំនួន១ប៊ីដុង ដើម្បីឲ្យពួកគាត់បានយកទៅប្រើប្រាស់ ជាបណ្តោះអាសន្ននៅក្នុងគ្រួសារ ហើយសកម្មភាពបែបនេះ លោកនិងបន្តរហូត ព្រោះលោកជាថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌ លោកត្រូវតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណា ត្រូវតែបម្រើប្រជាពលរដ្ឋល្អ ជាពិសេសគឺពេលប្រជាពលរដ្ឋ ជួបនៅបញ្ហាខ្លះបែបនេះ គឺលោកត្រូវតែចុះជួយឲ្យទាន់ពេល វេលា ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានសប្បាយចិត្តយ៉ាងខ្លាំង ហើយបានថ្លែង អំណរគុណដល់លោកអភិបាល ក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយនេះជាសកម្មភាព ដែលប្រជាពលរដ្ឋកំពុងតែដង្ហើយហៅ ហើយលោក បានចុះជួយទាន់ពេលវេលា ធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្ត យ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំខណ្ឌ៕