(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិ១៩ សង្កាត់ស្រះចក ស្តីពីមានទឹកដក់នៅក្នុងប្រឡាយ រហូតលិចកាំជណ្តើរផ្ទះរបស់ពួកគាត់រួចមក នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង និងដើម្បីរកវិធីសាស្រ្ត ជួយអន្តរាគមន៍ជាបន្ទាន់។
មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព៍ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ តាមរយ:ផ្ញើមកកាន់ Facebook របស់លោកនោះ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ លោក គួច ចំរើន បានចុះទៅមើលភ្លាម ហើយនឹងរកវិធីណាមួយ ដើម្បីស្តារទឹក ក៏ជាបង្ហូរចេញ កុំឲ្យលិចផ្ទះអ្នកស្រុកតទៅទៀត ពីព្រោះទឹកទាំងនេះ មានភាពកង្វក់ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាជនយ៉ាងខ្លាំង។
បើតាមមន្រ្តីសាលាខណ្ឌដូនពេញ មូលហេតុដែលនាំឲ្យមានទឹកលិចនេះ អាចមកពីស្ទះលូ ហើយគ្មានច្រកសម្រាប់ហូរចេញ នាំឲ្យទឹកហៀរលិចកាំជណ្តើរផ្ទះពួកគាត់យ៉ាងដូច្នេះ៕