Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ ចុះពិនិត្យការខួងអណ្តូង និងទំនប់ស្តុកទឹក ដើម្បីជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋ

04-05-2016 11:09

(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទីរពាក់ព័ន្ធ ចុះទៅពិនិត្យការខួងអណ្តូងជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិមេ-ស និងភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែ ដែលជាអំណោយរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម សម្រាប់បម្រើជូនប្រជាពលរដ្ឋ នៅទីនោះទុកប្រើប្រាស់ចាប់ពីពេលនេះតទៅ។

លោក ហាក់ សុខមករា អភិបាលរងខេត្ត ដែលអមដំណើរលោកអភិបាលខេត្ត បានថ្លែងថា ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ ពីការខ្វះខាតទឹកប្រើប្រាស់នោះ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ អភិបាលស្រុក មន្ទីរពាក់ព័ន្ធ អភិបាលស្រុក មេឃុំ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ចុះមកពិនិត្យផ្ទាល់ជាក់ស្តែង តែម្តង សម្រាប់ការដំណើរការខួងអណ្តូងជូនប្រជាពលរដ្ឋ។

លោក ហាក់ សុខមករា បានបញ្ជាក់ទៀតថា ក្រោយការចុះពិនិត្យ នៃការខួងអណ្តូងរួចមលោកអភិបាលខេត្ត និងក្រុមការងារ បានបន្តចុះទៅពិនិត្យអាងទឹកទំនប់ជាំតាហឹង ស្ថិតនៅភូមិស្រម៉ ជាកន្លែងស្តុកទឹក ងាយស្រួលជួយអន្តរាគមន៍ តាមវិធីសាស្រ្តណាមួយ ជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ បានណែនាំ និងជំរុញមន្ទីរអភិវឌ្ឍន៍ជនបទ ចុះស្តារអណ្តូងជាបន្ទាន់ ដែលមានការរីងស្ងួត ដើម្បីមានទឹកឡើងវិញ សម្រាប់ចែកចាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕