(ក្រចេះ)៖ ទីតាំងបូមខ្សាច់ចំនួន៣កន្លែង ដែលកំពុងធ្វើអាជីមកម្មក្នុងទន្លេជាប្រចាំ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាក់ច្រាំងទន្លេប៉ះពាល់ដល់ផ្ទះសំបែងរបស់ពួកគាត់។

ទីតាំងបូមខ្សាចទាំងនោះ ស្ថិតនៅភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះថា ក្បាលបូមខ្សាច់ប្រមាណ២-៣គ្រឿង បានធ្វើសកម្មភាពបូមខ្សាច់ក្នុងទន្លេជារៀងរាលថ្ងៃ ដោយពួកបូកដាក់ទូកយកទៅក្រោម ហើយពេលខ្លះបូម ឡើងគោក។ ពួកគាត់ធ្លាប់ហាមឃាត់ដែរ តែក្រុមអ្នកបូមខ្សាច់ទាំងនោះមិនស្ដាប់ឡើយ ពោលនៅតែបន្តធ្វើសកម្មភាពបូមខ្សាច់ជាប្រចាំដដែល។

ពលរដ្ឋបញ្ជាក់ទៀតថា «ការបូមខ្សាច់ទាំងនោះ មិនដឹងថាមានអាជ្ញាបណ្ណកម្រិតណានោះទេ ហើយការធ្វើអាជីវកម្មបូមខ្សាច់ខាងលើ មិនដឹងថាបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែរ ឬទេ? ការដាក់ទីតាំងបូមនោះមិនដឹងថា ត្រូវចំទីតាំងឬអត់នោះទេ»

ពលរដ្ឋស្នើក៏បានស្នើឲ្យអាជ្ញាធរ ជាពិសេសមន្រ្តី នៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ចុះត្រួតពិនិត្យមើលការដាក់ទីតាំងបូមខ្សាច់ក្នុងទន្លេនេះផង បើនៅតែបណ្ដោយឲ្យពួកគេនៅតែបន្តបូមបែបនេះ និងអាចបាក់ច្រាំងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសំបែងរបស់ពួកគាត់៕