Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជន ៥០០លាននាក់នៅទ្វីបអាមេរិក កំពុងប្រឈមមុខនឹងការគំរាមកំហែងរបស់ Zika

04-05-2016 10:03

(វ៉ាស៊ីនតោន)៖ តាមការសិក្សារបស់អង្គការសុខភាព Pan អាមេរិក (PAHO) ឲ្យដឹងថា ប្រជាជន ប្រមាណ ៥០០លាននាក់ កំពុងតែប្រឈមមុខនឹងការរីករាលដាលនៃ វីរុស Zika ដែលអាចបង្ក ឲ្យទារកកើតមកមានក្បាលតូចខ្លាំងខុសពីធម្មតា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

ប្រធានគ្រប់គ្រងផ្នែកមួយរបស់អង្គការ PAHO លោក Sylvain Aldighieri បានថ្លែងថា «វាមានសារសំខាន់ណាស់ ក្នុងការកត់ចំណាំថាប្រទេសទាំងអស់ ដែលត្រូវបានរាយការណ៍ កន្លងមកនេះ មានផ្ទុះនូវវីរុសគ្រុនឈាម កាលពីបណ្តាឆ្នាំកន្លងទៅ។ ប៉ុន្តែរយៈពេល ១៥ឆ្នាំ មកហើយដែលវីរុស Zika បានកើតមានឡើងនិង គម្រាមកំហែងមនុស្សកាន់តែសាហាវ»។

ជាក់ស្តែងពេលនេះ វីរុសខាងលើ បានរីកសាយភាយពីតំបន់អាមេរិកកណ្តាល ទៅកាន់អាមេរិក ឡាទីន ដែលមានបណ្តាប្រទេសមួយចំនួនកំពុងប្រឈមមុខដូចជា ភាគខាងជើងអាហ្សង់ទីន និង បណ្តាប្រទេសនៃសមុទ្រការីបៀនផងដែរ។ វាជាដែនដីដ៏ធំខ្លាំងណាស់ សម្រាប់ការរីករាលដាល ហើយសរុបនៅទ្វីបអាមេរិកទាំងមូល គឺប្រទេសនិងតំបន់ ៣៧ហើយដែលបានឆ្លងវីរុស Zika នេះ។

គួរបញ្ជាក់ថា អង្គការ PAHO មានគោលដៅលុបបំបាត់ការគម្រាមកំហែងដោយវីរុស Zika ឲ្យបាន នៅឆ្នាំ ២០១៧ ខាងមុខ ប៉ុន្តែវាតម្រូវឲ្យបណ្តាប្រទេសទាំងអស់រួបរួមគ្នា៕