(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «លទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជាថ្នាក់ដឹកនាំមន្ត្រីរាជការទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ ចំនួន២៤០នាក់ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងស្ថាប័ន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ចូលរួមអនុវត្តការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥។

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ គ្រូឧទ្ទេស និងសិក្ខាកាម។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ការសាង និងការអភិវឌ្ឍសមត្ថភាព គឺជាកិច្ចការគន្លឹះមួយដែលត្រូវយកចិត្តទុកដាក់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជូនមន្ត្រីរាជការ ដែលទទួលមុខងារ តួនាទី និងភារកិច្ច ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របពេលដែលគោលការណ៍ណែនាំ និងនីតិវិធីបច្ចុប្បន្នកម្ម ចាំបាច់មួយចំនួនបន្ថែម ពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា ត្រូវបានដាក់ឲ្យអនុវត្តជាធរមាន និងកំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួងស្ថាប័ន។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព តាំងពីឆ្នាំ ២០១៧។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ តាមតម្រូវការឈានឡើងជាដំណាក់ៗ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបរិការណ៍គ្របដណ្ដប់រួម នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់តម្រង់ទិសការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្រ្តីរាជការ ហើយត្រូវបានអនុវត្តយ៉ាងសកម្ម និងទទួលលទ្ធផលគួរជាទីមោទនៈសម្រាប់គាំទ្រការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាល៣ បូក២ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបញ្ចប់ការរៀបចំ ឆ្ពោះទៅអនុវត្តថវិកាសមិទ្ធកម្ម ក្នុងដំណាក់កាលទី៤ នាពេលខាងមុខ។ ប្រការនេះ ធ្វើឲ្យការកសាង និងការអភិវឌ្ឍសមត្ថភាព មានសារសំខាន់ថែមទៀត ព្រោះថាការកែទម្រង់នេះ បានឈានដល់ចំណុចរបត់ស្មុគស្មាញ, សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរឲ្យក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ, ក្នុងខណៈដែលឆន្ទៈ និងសមត្ថភាពមន្រ្តីជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អង្គភាពថវិកា នៅមានកម្រិត ពិសេស ពាក់ព័ន្ធការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ។

ទន្ទឹមនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឲ្យអនុវត្តនៅតាមគ្រប់ក្រសួងស្ថាប័ន ដើម្បីធានាតម្លាភាពប្រសិទ្ធភាព សង្គតិភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា នៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករ និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំ២០២២នេះ ប្រព័ន្ធ FMIS ត្រូវដាក់ឲ្យប្រើជាផ្លូវការនៅរដ្ឋបាលរាជធានីខេត្ត ទាំង២៥ ព្រមទាំងត្រូវដំឡើង នៅការដ្ឋានបន្ថែមថ្មីចំនួន១៥ នៅតាមគ្រឹះស្ថានសាធារណៈរដ្ឋបាល សម្រាប់ចូលរួមអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕