(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa បានបញ្ចប់គម្រោង ស្តីពី «ការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិន» រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែក ដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី សហគ្រិនស្ត្រី និងនិស្សិតជិត ១០ ០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះចាប់ផ្តើមដោយការរៀបចំ ជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅរួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាមមកពីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។

តាមរយៈវេទិកាពិភាក្សាចំនួន៤ គម្រោងនេះបានចែករំលែកនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់ សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជំរុញសហគ្រិនភាព និងបន្តការរីកចម្រើន។

លោក ថៃ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី
បានឲ្យដឹងថា ស្ត្រីកម្ពុជាជាកំណប់ទ្រព្យនៃធនធានមនុស្ស ដែលមានទេពកោសល្យ ជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់ ហើយយើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាព ក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។

លោកបានបន្ដថា ក្នុងនោះក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗ របស់ពួកគាត់ទៅដល់ស្រីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។

បរិយាបន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសសម្រាប់ស្ត្រីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផល នៃការទទួលបានសេវាហិរញ្ញវត្ថុមិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាន និងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាតយេនឌ័រយ៉ាងធំផងដែរ មានន័យថា ស្ត្រីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួល បានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។

លើសពីនេះលទ្ធភាពរបស់ស្ត្រី ក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែក ហិរញ្ញវត្ថុឌីជីថលនៅតែជាបញ្ហាប្រឈម បញ្ហាទាំងនេះកើតឡើង ចំពោះស្ត្រីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្ត្រីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាច
រារាំងការឈានទៅរកសុខុមាលភាព ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាសសរស្តម្ភដ៏សំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបានបន្ដថា វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងអស់សុទ្ធ តែមានការចូលរួមធ្វើបទបង្ហាញពី អ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន ព្រមទាំងមានកិច្ចសន្ទនាជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នូល ដែលចាំបាច់ស្របតាមការផ្លាស់ប្តូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាពហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតីសហគ្រិនភាពនិងភាពច្នៃប្រឌិត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Visa ពិតជាមានរីករាយណាស់ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុ របស់ស្ត្រីនៅកម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថា សេដ្ឋកិច្ចដែលរួមបញ្ចូលប្រជាជនគ្រប់រូប នៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង។

អ្នកស្រីបន្ថែមថា សង្ឃឹមថាសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បី
-កែប្រែជីវិតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យកាន់តែប្រសើរឡើង៕