(ពោធិ៍សាត់)៖ នៅសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ មានធ្វើពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ថៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ម៉ៅ ធនិន អភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរនានាក្នុងខេត្ត និង អភិបាលក្រុងស្រុកមួយចំនួនទៀត ។
តាមប្រកាសរបស់ក្រសួងបរិស្ថាន លេខ១៩៥ ប្រ.ក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចតែងតាំង លោក ប៉ាន់ មរកត បច្ចុប្បន្នប្រធានស្ដីទី ទៅជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
ក្រោយពីទទួលប្រកាសរួចមក លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថាន ដែលទើបនឹងបានតែងតាំងថ្មី បានឡើងប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណាដឹកនាំការងារ ក្នុងមន្ទីរបរិស្ថាន ឲ្យមានភាពរលូនជានិច្ច ទាំងការសាមគ្គីផ្ទៃក្នុង ទាំងការងារការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកភ្នំឱរ៉ាល់ និងភ្នំសំកុស និ តំបន់អភិរក្សបឹងទន្លេសាប ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន ដើម្បីគោរពទៅតាមច្បាប់ផែនការ និង បទបញ្ជា របស់រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ការប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថាននេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំ និងគ្រប់គ្រងការងារបន្ត។ កន្លងមកនេះ មន្ទីរបរិស្ថានក៍បានធ្វើការងារជាច្រើន ពាក់ព័ន្ធនឹងការងារប៉ះពាល់បរិស្ថាន ការបង្រ្កាបបទល្មើសព្រៃឈើដីធ្លី និង បទល្មើសនេសាទផងដែរ ដោយបានសហការជាមួយមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ។ លោកសង្ឃឹមថា បន្ទាប់ពីទទួលបានដំណែងពេញលេញហើយ លោក ប៉ាន់ មតកត នឹងជាសេនាធិការដ៍ល្អរបស់ខេត្ត ក្នុងការអនុវត្តការងារឲ្យកាន់តែប្រសើរជាងមុន ។
លោករដ្ឋលេខាធិការ ថៃ ប៊ុនឈឿន បានថ្លែងថា លោក ប៉ាន់ មរកត ជាធនធានមនុស្សមួយដ៏សំខាន់ ជាអ្នកមានចំណេះដឹង និងមានបទពិសោធន៍ការងារផ្នែកបរិស្ថាននេះ យូរមកហើយដែរ ដូច្នេះហើយទើបថ្នាក់ដឹកនាំ មើលឃើញ និងមានជំនឿទុកចិត្ត ក៏សម្រេចតែងតាំងឲ្យធ្វើជា ប្រធានមន្ទីរដើម្បីដឹកនាំបន្ត ។ លោកផ្ដាំផ្ញើសូមឲ្យ លោក ប៉ាន់ មរកត ធ្វើការងារឲ្យមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឲ្យមន្ត្រីក្រោមឱវាទគោរពស្រលាញ់ ហើយត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ទីរជំនាញ និង អង្គការជាដៃគូរ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ៕